ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា បង្ហាញបំណងចង់រៀនសូត្រពីសិង្ហបុរី លើការអនុវត្តកាតព្វកិច្ចយោធារបស់ពលរដ្ឋ

(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន បង្ហាញ ការចាប់អារម្មណ៍លើការអនុវត្តន៍កាតព្វកិច្ចយោធាពលរដ្ឋរបស់ប្រទេសសិង្ហបុរី ហើយមានបំណងរៀនសូត្រពិសោធន៍មួយនេះពីសិង្ហបុរីផងដែរ។
នៅល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយលោក លី សៀនលុង នាយករដ្ឋមន្ត្រីសិង្ហបុរី នាទីក្រុងហ្សាតាកា ប្រទេសឥណ្ឌូនេស៊ី ទីដែលមេដឹកនាំទាំងពីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ក្នុងជំនួបនោះ លោក លី សៀនលុង បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីរបស់កម្ពុជា។ លោកនាយករដ្ឋមន្ត្រី ក៏បានរំលឹកប្រកបដោយមនោសញ្ចេតនា ពេលជួបសម្តេចធិបតី កាលពី ឆ្នាំ២០១៨។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអបអរសាទរនេះ។ ជាពិសេសសិង្ហបុរីជាប្រទេសទី១ ដែលបានផ្ញើលិខិតអបអរ សាទរជូន សម្តេចធិបតី។
ក្នុងជំនួបនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសេចក្ដីរីករាយចំពោះទំនាក់ ទំនង ដ៏យូរ អង្វែង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ជាពិសេស វិស័យការ ពារ ជាតិ និងវិស័យអប់រំ ដែលសិង្ហបុរី តែងបានផ្តល់ជំនួយបច្ចេកទេស ក៏ដូចជាការហ្វឹកហ្វឺន បណ្តុះ បណ្តាលដល់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងបំណងរបស់កម្ពុជា ក្នុងការរៀនសូត្របទពិសោធន៍ ពីសិង្ហបុរី ពាក់ព័ន្ធទៅនឹងវិស័យការពារជាតិ, ជាពិសេសពាក់ព័ន្ធទៅនឹង ការអនុវត្តកាតព្វកិច្ច យោធារបស់ប្រជាពលរដ្ឋជាដើម។

លោក លី សៀនលុង បានឯកភាពក្នុងពិនិត្យលើលទ្ធភាពនៃការបន្តផ្តល់ការគាំទ្របច្ចេកទេស និងការបណ្តុះបណ្តាលដល់កម្ពុជា ទាំងក្នុងវិស័យស៊ីវិល និងយោធា, ហើយលោកក៏បាន អញ្ជើញ សម្តេចធិបតី មកធ្វើទស្សនកិច្ចនៅសិង្ហបុរី ក្នុងពេលឆាប់ៗខាងមុខ។

ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាទៅលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្ដានុពលដូចជា៖ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខថាមពល សុខាភិបាល ឌីជីថល កសិកម្ម និងការពារជាតិ។

ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សាលើលទ្ធភាពក្នុងការនាំអង្ករ និងផលិតផល កសិកម្ម ដទៃ ទៀតពីកម្ពុជាចូលមកកាន់ទីផ្សារសិង្ហបុរី ក៏ដូចជាគម្រោងនៃការសាងសង់ខ្សែបញ្ជូន ថាមពល ក្រោមសមុទ្រ ពីប្រទេសឡាវ ឆ្ពោះទៅប្រទេសសិង្ហបុរីផងដែរ៕(FN)

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។