ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងកសិកម្ម ទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ចាស្ទីន វ៉ាយអេត (Justin Whyatt) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះភាគីអូស្ត្រាលីដែលមានកិច្ចសហប្រតិបត្តិការល្អ ហើយបាននិងកំពុងបន្តចូលរួមគាំទ្រក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាពិសេសការអភិវឌ្ឍពូជស្រូវចំប៉ីស៧០។ ពូជ​ស្រូវ​ចំប៉ី​ស​៧០ បើ​តាម​ឯកឧត្តម​រដ្ឋមន្ដ្រី គឺ​ជា​សក្ខីភាព​នៃ​កិច្ច​សហប្រតិបត្តិការ​ដ៏​ប្រសើរ​រវាង​កម្ពុជា​និង​អូស្ត្រាលី នៅ​ក្នុង​វិស័យ​កសិកម្ម​។ ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​លើក​ឡើង​ថា ការងារ​ទៅ​ថ្ងៃ​មុខ គឺ​​សិក្សា​អំពីខ្សែ​ច្រវាក់​ផលិតកម្ម​នៃ​ពូជ​ស្រូវ​ចំប៉ីស​៧០ ដើម្បី​ធានា​បាននូវ​ទីផ្សារ​ជាក់​លាក់​មួយ​សម្រាប់​កសិករ​ដែល​ផលិត​ពូជ​ស្រូវ​នេះនា​ពេល​អនាគត​។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​អាទិភាព​បន្ទាន់​ចំនួន​៦ ដែល​ក្នុង​នោះ ក៏​មាន​ផង​ដែរ គោលនយោបាយ​ទាក់ទង​នឹង​វិស័យ​កសិកម្ម ជា​អាថិ៍ ការ​ដាក់​ពង្រាយ​មន្ដ្រី​កសិកម្ម​នៅ​តាម​ឃុំ​ដែល​មាន​សកម្មភាព​កសិកម្ម ដើម្បីជួយដល់កសិករ និង​ការ​ពង្រឹង​សហគមន៍​កសិកម្ម​។

ទាក់ទង​ទៅ​នឹង​ការអភិវឌ្ឍធនធានមនុស្ស ឯកឧត្តមរដ្ឋមន្ត្រីបានលើក​ឡើង​ពី​តម្រូវ​ការ​ចាំ​បាច់របស់​និស្សិត​សិក្សា​ផ្នែក​កសិកម្ម​ ដែល​ត្រូវ​ការការពង្រឹងសមត្ថភាពឱ្យកាន់តែប្រសើរ ក្នុង​ផ្នែក​ភាសា នវានុវត្តន៍ និង​បច្ចេកវិទ្យា។ ឯកឧត្តម​បញ្ជាក់​ពី​ការ​ស្វាគមន៍ចំពោះ​ការ​គាំទ្រ​ពី​សំណាក់​ភាគី​អូស្ត្រាលី​ក្នុង​ការ​ផ្ដល់​សាស្ត្រាចារ្យ​មក​បង្រៀន​និស្សិត​ក្នុង​ផ្នែកទាំង​នេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។