ព័ត៌មានជាតិ

ឯកឧត្តម ចាន់ សុវុឌ្ឍ តំណាងដ៍ខ្ពង់ខ្ពស់រដ្ធមន្ដ្រីក្រសួងកសិកម្ម បានចូលរួមសំណេះសំណាល និងជូនដំណើរនិស្សិតដែលនឹងត្រូវទៅចូលរួមកម្មវិធីហាត់ការរយៈពេល ១១ខែ នៅប្រទេសអ៊ីស្រាអែល

(ភ្នំពេញ) ៖ នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមពិធីសំណេះសំណាល និងជូនដំណើរនិស្សិតដែលនឹងត្រូវទៅចូលរួមកម្មវិធីហាត់ការរយៈពេល ១១ខែ នៅប្រទេសអ៊ីស្រាអែល នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម បានពាំនាំនូវការអបអរសាទរ និងអនុសាសន៍គន្លឹះរបស់ ឯកឧត្តមរដ្ឋមន្ត្រី ចំពោះនិស្សិតទាំង ១០៨នាក់ ក្នុងនោះស្រី ៦២នាក់ ដែលបានជ្រើសរើសទៅហាត់ការរយៈពេល ១១ខែនៅប្រទេសអ៊ីស្រាអែល ដើម្បីក្រេបយកចំណេះដឹង និងបទពិសោធន៍ ហើយជាធនធានដ៏សំខាន់ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជាពេលត្រឡប់មកមាតុប្រទេសវិញ។

ឯកឧត្តម បានគូសបញ្ជាក់អំពីអនុសាសន៍របស់ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការគាំទ្រកម្មវិធីហាត់ការនេះ និងជំរុញការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាបដល់និស្សិត ដើម្បីសម្រួលដល់ការសិក្សានៅក្រៅប្រទេស។ ជាមួយគ្នានេះដែរ ឯកឧត្តម បានណែនាំដល់ក្រុមនិស្សិតហាត់ការត្រូវយកចិត្តទុកដាក់រៀនសូត្រនិងព្យាយាមធ្វើការក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីទទួលបាននូវចំណេះដឹង បច្ចេកវិទ្យាទំនើប ការស្វែងយល់ពីទីផ្សារ ការស្រាវជ្រាវផ្សេងៗ ជាពិសេសពង្រឹងសមត្ថភាពឱ្យទាន់ឧស្សាហកម្ម ៤.០ ដើម្បីប្រែក្លាយកសិកម្មប្រកបដោយទំនើបកម្ម និងអាចធ្វើពាណិជ្ជកម្ម ដើម្បីជួយដល់កសិករមានជីវភាពប្រសើរឡើង និងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។

បើតាមអនុសាសន៍របស់ ឯកឧត្តមរដ្ឋមន្ត្រី គោលនយោបាយកសិកម្មអាណត្តិថ្មី នីតិកាលទី៧នេះ គឺកម្ពុជាត្រូវធ្វើទំនើបកម្ម ដើម្បីបង្កើនផលិតភាព គុណភាព លើកកម្ពស់ការនាំចេញឱ្យមានប្រសិទ្ធភាព និងខ្សែច្រវាក់តម្លៃល្អ ឱ្យកសិករចំណេញ មានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។ ទន្ទឹមនឹងនោះដែរ ត្រូវពង្រឹងសមត្ថភាពសហមន៍កសិកម្ម ការកែច្នៃ ការអនុវត្តកសិកម្មតាមកិច្ចសន្យា និងជាពិសេសគឺជំរុញការដាក់ពង្រាយភ្នាក់ងារផ្សព្វផ្សាយកសិកម្មឱ្យដល់មូលដ្ឋាន ដើម្បីផ្សព្វផ្សាយបច្ចេកទេសថ្មីទំនើប កាត់បន្ថយថ្លៃដើមផលិតកម្ម និងទីផ្សារបែបឌីជីថល ព្រមទាំងដោះស្រាយបញ្ហាផលិតកម្មជូនពួកគាត់ឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព ដើម្បីធានានូវសន្តិសុខ និងសុវត្ថភាពពិតប្រាកដ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។