ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា ក៏ជាតួអង្គមួយដែលបានចូលរួមក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់និងពិភពលោកផងដែរ

(កំពង់ស្ពឺ) ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាទោះបីកម្ពុជាជាប្រទេសតូចមែន ប៉ុន្តែកម្ពុជា ក៏ជាតួអង្គមួយដែលបានចូលរួមក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់និងពិភពលោកផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយ កម្មករ និយោជិត ចំនួនប្រមាណជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ ដែលស្ថិតនៅក្នុង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅពេលសម្តេចអញ្ជើញទៅចូលរួមប្រជុំនៅអង្គការសហប្រជាជាតិនៅខែកញ្ញា ខាងមុខនេះ សម្តេច នឹងត្រូវជួបជាមួយថ្នាក់ដឹកនាំ អគ្គលេខាធិការអង្គការសហប្រជាជាតិ ជួបជាមួយមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក ជួបជាមួយអ្នកធុរកិច្ចអាមេរិក ដើម្បីបញ្ជាក់ជំហរ និងទំនាក់ទំនងរបស់យើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់បញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសធំមែន ប៉ុន្តែសំឡេងរបស់ប្រជាពលរដ្ឋកម្ពុជា គឺជាប្រទេសមួយឯករាជ្យ អធិបតេយ្យភាព និងមានអំណាចស្មើសិទ្ធិស្មើភាពជាមួយបណ្តាប្រទេសដទៃទៀត ដូច្នេះគ្រប់គោលនយោបាយរបស់យើង ក៏ត្រូវបញ្ចេញឱ្យអន្តរជាតិដឹងលឺ ព្រោះកម្ពុជា ក៏ជាតួអង្គមួយដែលបានចូលរួមជួយទៅដល់សេដ្ឋកិច្ច សន្តិសុខនៅក្នុងពិភពលោកផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ការចូលរួមរបស់កម្ពុជានៅក្នុងឆាកអន្តរជាតិរួមមាន ការថែរក្សាសន្តិភាពផ្ទៃក្នុងរបស់យើង ការដើរតួនាទីសហការជាមួយបណ្តាប្រទេសក្នុងតំបន់ ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព ប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ហើយយើងក៏បានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព ទៅតាមបណ្តាប្រទេសជាច្រើនដើម្បីចូលរួមថែរក្សាសន្តិភាពផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។