ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យគ្រប់តួអង្គពាក់ព័ន្ធប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើកំណែទម្រង់ដើម្បីទាំងអស់គ្នា!

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការកែទម្រង់ជារឿងចាំបាច់បំផុត ហើយវាក៏ជារឿងលំបាកដែរ ដូច្នេះសម្តេចលើកឡើង៤ចំណុចដើម្បីធ្វើឱ្យកំណែទម្រង់អាចជោគជ័យទៅបាន ដែលត្រូវទាមទារឱ្យយើងអនុវត្តន៍ទាំងអស់គ្នា ដើម្បីពង្រឹងការប្រកួតប្រជែង ពង្រឹងប្រទេសជាតិយើង ពង្រឹងការងាររបស់យើង។ បន្ថែមពីនេះ សម្តេចធិបតី បានបន្តថា មនោសញ្ចេតនា យើងពិតជាមានហើយ ប៉ុន្តែមនោសញ្ចេតនាបុគ្គល មិនគួរឱ្យប៉ះពាល់ដល់កិច្ចការរួមនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយ កម្មករ និយោជិត ចំនួនប្រមាណជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ ដែលស្ថិតនៅក្នុង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កំណែទម្រង់ត្រូវផ្តោតលើកត្តា៤សំខាន់ រួមមាន៖ ទី១- ត្រូវមានចក្ខុវិស័យច្បាស់លាស់ ផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ ហេតុផលច្បាស់លាស់។ យើងធ្វើកំណែទម្រង់នេះ គឺមានហេតុផលដើម្បីបង្កើនការប្រកួតប្រជែង និងប្រសិទ្ធភាពការងាររបស់ប្រទេសជាតិយើង ស្ថាប័នរដ្ឋរបស់យើងដើម្បីបម្រើប្រជាពលរដ្ឋ ដោយមានចក្ខុវិស័យវែងឆ្ងាយ។

ទី២- ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ គឺត្រូវចូលរួមធ្វើកំណែទម្រង់ទាំងអស់គ្នា ហ៊ានអារកាត់ទាំងអស់គ្នាប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាប្រទេសជាតិ។ យើងត្រូវបង្ហាញឆន្ទៈខ្ពស់ក្នុងការប្តេជ្ញាចិត្តធ្វើ ហ៊ានអារកាត់ ហ៊ានវះកាត់ ហើយសំខាន់បំផុតហ៊ានអនុវត្តន៍គោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

ទី៣- ត្រូវមានការចូលរួមធ្វើទាំងអស់គ្នា ដោយសារការធ្វើកំណែទម្រង់នេះ មិនមានសម្រាប់តែសម្តេចនាយករដ្ឋមន្រ្តីទេ មិនអាចមានតែមន្រ្តីរដ្ឋាភិបាលទេ ក៏ត្រូវការប្រជាពលរដ្ឋទាំងអស់ចូលរួមផងដែរ។

ទី៤- ត្រូវមានការលះបង់ខ្ពស់ ដោយសាររាល់ការកែទម្រង់តែងតែមានការប៉ះពាល់ហើយ បើសិនជាយើងមិនលះបង់ទេ មិនចូលរួមទេ យើងមិនអាចជោគជ័យបានទេ ឬក៏ជោគជ័យដោយការលំបាកជាមិនខាន ហើយអ្នកដែលពិបាកនោះគឺយើងទាំងអស់គ្នានេះហើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។