ព័ត៌មានជាតិ

សមត្ថកិច្ច បញ្ជូនខ្លួនបុរសម្នាក់ដែលសកម្មខាងឆក់ត្រី ហើយប្រជាពលរដ្ឋផ្តល់រហស្សនាមថា កំពូលឆក់ត្រីឥតល្ហែទៅពន្ធនាគារខេត្តស្ទឹងត្រែង!

(ស្ទឹងត្រែង) ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ជនសកម្មខាងនេសាទឆក់ត្រីឈ្មោះ ម៉ុក រ៉ុក អាយុ៣២ឆ្នាំ រស់នៅភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ដែលប្រជាពលរដ្ឋផ្តល់រហស្សនាមថា កំពូលឆក់ត្រីឥតល្ហែនោះត្រូវបានបញ្ជូនខ្លួនទៅពន្ធនាគារខេត្តហើយ។ តាមច្បាប់ស្ដីពីជលផល ជននេះអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពី ៣-៥ឆ្នាំ។

លោក ម៉ា សុខៈ ប្រធានសហគមន៍នេសាទកាំងដីស បានបញ្ជាក់ថាជនសង្ស័យរូបនេះធ្វើសកម្មភាពឆក់ត្រីនៅពេលយប់ ហើយកម្លាំងជំនាញ ឃាត់ខ្លួនបាននៅវេលាម៉ោង ៣និង១០នាទីជិតភ្លឺថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ និងដកហូតវត្ថុតាងបានរួមមាន៖ ទូកស្មាច់១គ្រឿង, ម៉ាស៊ីនហ៊ីណូតា១៣សេះ១គ្រឿង, ថ្នងដងត្រី១គ្រឿង និងត្រីចម្រុះ៣គីឡូក្រាម។ ចំណែកក្បាលឆក់ និងអាគុយជនសង្ស័យបានទម្លាក់ចោលក្នុងទឹក ពេលកម្លាំងជំនាញបើកទូកដេញប្រកៀកប្រកិត ហើយកាបូបដាក់ក្បាលឆក់បានរមូរជាប់ជាមួយស្លាបចក្រម៉ាស៊ីនមទើបទូកទៅមុខមិនរួចបានឃាត់ខ្លួនបានកុំអីរត់រួចទៀត។

លោក ស្រី សំវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបានបញ្ជាក់ថា នេះជាបទល្មើសជាក់ស្តែងនៅពេលមន្ត្រីជំនាញចុះធ្វើសកម្មភាពល្បាតអភិរក្សត្រីមេពូជក្នុងរដូវបិទនេសាទ បានប្រទះឃើញជនសង្ស័យប្រព្រឹត្តបទល្មើសនៅចំណុចកាំងតាម៉ាំង ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង (ស្ថិតក្នុងតំបន់អភិរក្សសត្វផ្សោតកោះសន្ទក់)។ ពេលដែលកំពុងដេញប៉ផាប់ចាប់ពភីង ជនសង្ស័យបានទម្លាក់វត្ថុតាងមួយចំនួនចូលទឹកទន្លេ រួមមាន អាគុយនិងក្បាលឆក់ដាក់ក្នុងកាបូប ហើយកាបូបនោះបានទាក់ជាមួយស្លាបចក្រម៉ាស៊ីន ទើបទូកទៅមុខរួចត្រូវឃាត់ខ្លួនបានតែម្តង យកមកអនុវត្តតាមនីតិវិធី ។

ប្រជាពលរដ្ឋនៅឃុំកោះស្រឡាយបានសាទរជាមួយមន្ត្រីជំនាញដែលបានខិតខំប្រឹងប្រែងធ្វើសកម្មភាពអភិរក្សត្រីមេពូជក្នុងរដូវបិទនេសាទនេះ ហើយសំណូមពរទៅអ្នកដែលមានឧបករណ៍ឆក់សូមប្រគល់ឱ្យទៅមន្ត្រីជំនាញទៅល្អជាង ដើម្បីយើងរួមគ្នាថែរក្សាធនធានមច្ឆជាតិនិងបញ្ចៀសការទៅដេកនៅពន្ធនាគារចោលកូនប្រពន្ធ។

សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ ម៉ុក រ៉ុកបានបញ្ជូនខ្លួនទៅពន្ធនាគារតាមនីតិវិធីនៃច្បាប់ជលផល ជាអំពើល្មើសនឹងមាត្រា២០ ចំណែកវត្ថុតាងត្រូវរឹបអូសជាសម្បត្តិរដ្ឋ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។