ព័ត៌មានជាតិ

ថ្ងៃនេះ អាជ្ញាធរខេត្តតាកែវ ចុះទៅពិនិត្យស្រាវជ្រាវដល់ទីតាំង ក្រុមហ៊ុនកាស៊ីណូ(ថបដាយមិនភ្នំដិន)ករណីបង្ហោះរឿងឧត្ថម្ភថវិកាដល់អ្នកសារព័ត៌មានរាប់រយស្ថាប័ន!

(តាកែវ) ៖ អាជ្ញាធរខេត្តតាកែវ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចុះទៅកាស៊ីណូថបដាយមិនភ្នំដិន ដែលមានទីតាំងនៅឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ដើម្បីសុំកិច្ចសហការជាមួយក្រុមហ៊ុនសុំបញ្ជីឈ្មោះស្ថាប័នសារព័ត៌មាន ដែលទៅសុំថវិកាពីក្រុមហ៊ុន។

ការចុះទៅក្រុមហ៊ុនកាស៊ីណូថបដាយមិនភ្នំដឹននេះ ដឹកនាំដោយលោក ស្រ៊ីវ គឹមស្រស់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ បានដឹកនាំមន្រ្តីពាក់ព័ន្ធរបស់ខេត្ត ដែលចូលរួមពិភាក្សាមានលោកស្នងការរងនគបាល អនុប្រធានមន្ទីរព័ត៌មាន ខេត្តតាកែវ លោកអភិបាលរងស្រុកគិរីវង់ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

ការចុះទៅជួបជាមួយភាគីក្រុមហ៊ុនកាស៊ីណូថបដាយមិនភ្នំដិន បន្ទាប់ពីក្រុមហ៊ុនេះបានធ្វើលិខិតបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក ដោយជូនដំណឹងដល់ភ្នាក់ងារសារព័ត៌មានទាំងអស់ជ្រាបថា កន្លងមកក្រោយពីរដូវកូវីដ១៩ ក្រុមហ៊ុនបានផ្ដល់ប្រាក់ឧបត្ថម្ភ ជាលក្ខណៈមនោសញ្ចេតនាសម្រាប់បាយទឹក និងសាំងដល់បងប្អូនអ្នកសារព័ត៌មានយើងទាំងអស់ ដែលបានឆ្លងកាត់ទីនេះ ទៅតិចតួចក្ដីមិនដែលអាក់ខានឡើយ។

ប៉ុន្តែមួយរយៈចុងក្រោយនេះ បងប្អូនអ្នកសារព័ត៌មាន បានចូលមកសុំប្រាក់ឧបត្ថម្ភមានចំនួនច្រើនហួសហេតុពេក។ ក្នុងមួយខែមួយខែចន្លោះចាប់ពី៧០០ ទៅ ៩០០អង្គភាពធ្វើឱ្យក្រុមហ៊ុនមិនអាចមានលទ្ធភាពដោះស្រាយជូនបាន។

នៅក្នុងកិច្ចពិភាក្សានោះតំណាងអាជ្ញាធខេត្តតាកែវ បានលើកឡើងថា គោលបំណងនៃការចុះមកពិភាក្សានេះ គឺដើម្បីចង់ដឹងពីបញ្ជីឈ្មោះស្ថាប័នសារព័ត៌មាននានា ដែលចុះមកសុំថវិកាក្រុមហ៊ុនកាស៊ីណូ ដើម្បីឱ្យមន្រ្តីពាក់ព័ន្ធរាយការណ៍ក្រសួងព័ត៌មាន ដើម្បីផ្ទៀងផ្ទាត់ថា ស្ថាប័នសារព័ត៌មានទាំងអស់នោះ មានអាជ្ញាបណ្ណដែលចេញពីក្រសួងព័ត៌មាន ឬអាជ្ញាបណ្ណខ្លះអស់សុពលភាព ដែលងាយស្រួលក្រសួងព័ត៌មានលុបឈ្មោះចេញ និងមានវិធានការណ៍ ចំពោះស្ថាប័នសារព័ត៌មានណា ដែលចុះទៅសុំថវិកាក្រុមហ៊ុនកាស៊ីណូ ដែលខុសនឹងក្រមសីលធម៌វិជ្ជាជីវៈ អ្នកសារព័ត៌មាន។

អាជ្ញាធរខេត្តតាកែវ ក៏បានស្នើឱ្យភាគីក្រុមហ៊ុនកាស៊ីណូភ្នំដិន សហការជាមួយមន្ទីរព័ត៌មានខេត្តតាកែវ ដើម្បីស្រង់បញ្ជីឈ្មោះស្ថាប័នកាសែតដែលមកសុំថវិកា ដែលការសហការនេះវានឹងជួយក្រុមហ៊ុនកាស៊ីណូ មិនឱ្យមានក្រុមអ្នកសារព័ត៌មាន មកសុំលុយក្រុមហ៊ុនតទៅទៀត៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។