ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចុះពិនិត្យស្ថានភាពផលិតកម្មកសិកម្មនៅខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ) ៖នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានបន្តបេសកកម្មចុះពិនិត្យស្ថានភាពផលិតកម្មកសិកម្ម នៅខេត្តបន្ទាយមានជ័យ។

ក្នុងបេសកកម្មចុះមូលដ្ឋានថ្ងៃទី៣នេះ ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ បានចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យសរុប ៧០នាក់។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តួនាទីនិងភារកិច្ច ដែលប្រគល់ជូន គឺដើម្បីជួយឱ្យប្រជាកសិករឱ្យមានជីវភាពប្រសើរឡើង និងលើកកម្ពស់សេដ្ឋកិច្ចជាតិ។

ដូច្នេះត្រូវមានមោទនភាពនិងយកចិត្តទុកដាក់សហការគ្នាល្អ ចុះមូលដ្ឋានធ្វើការសិក្សានិងវាយតម្លៃឱ្យបានច្បាស់លាស់ពីបញ្ហាប្រឈម និងតម្រូវការពិតប្រាកដរបស់ប្រជាកសិករ និងជួយពួកគាត់ឱ្យទាន់ពេលវេលា ទៅតាមជំនាញ និងលទ្ធភាពប្រកបដោយឆន្ទៈ និងមនសិការពិតប្រាកដ។ ជាមួយគ្នានេះដែរ ត្រូវមានផែនការផលិតកម្មច្បាស់លាស់ ដើម្បីធានាសន្តិសុខ និងខ្សែច្រវាក់តម្លៃល្អ ដើម្បីជំរុញការនាំចេញ បង្កើនប្រាក់ចំណូល និងជួយឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

សកម្មភាពបន្ទាប់ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តចុះជួបកសិករនិងក្រុមអ្នកផលិត និងពិនិត្យស្ថានភាពស្រែជាក់ស្តែង។ ឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ជាក់ថា ជាគោលនយោបាយ គឺចង់ជំរុញការប្រើប្រាស់ពូជស្រូវសុទ្ធ ពូជស្រូវល្អ សែនក្រអូបនិងផ្ការំដួល តាមរយៈការកសាងទំនុកចិត្ត ការបង្កើតបណ្តាញពូជសុទ្ធ ដើម្បីជួយដល់កសិករឱ្យមានទីផ្សារ បង្កើនការនាំចេញ ទទួលបានផលចំណេញទាំងអស់គ្នា។ នាឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចុះពិនិត្យអាងទឹកត្រពាំងថ្ម និងឧបករណ៍នេសាទមួយចំនួនដែលរឹបអូសបានផងដែរ។

មុននឹងបញ្ចប់សកម្មភាពនៃបេសកកម្មថ្ងៃទី៣នេះ ឯកឧត្តមរដ្ឋមន្ត្រី បានចុះពិនិត្យច្រកព្រំដែនអន្តរជាតិបឹងត្រកួន និងស្ទឹងបត់ ដើម្បីពិនិត្យមើលពីស្ថានភាពពាណិជ្ជកម្មកសិផលរវាងប្រទេសកម្ពុជា និងថៃ ដែលផ្នែកមួយនៃចក្ខុវិស័យប៉ូលសេដ្ឋកិច្ចទី៤ នៅខេត្តភាគពាយ័ព្យចំនួន៤ គឺពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។