ព័ត៌មានជាតិ

ដំណាំត្រសក់ផ្អែម ពូជដែលមានរស់ជាតិឆ្ងាញ់ និងពេញនិយមដាំដុះ នៅលើទីផ្សារ!

(ភ្នំពេញ) ៖ យោងតាមព័ត៌មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដំណាំត្រសក់ផ្អែម
ត្រសក់ផ្អែម មានឈ្មោះជាភាសាអង់គ្លេស Cantaloupe (Muskmelon) ជាប្រភេទដំណាំយកផ្លែថ្មីមួយ ដែលបាននាំចូលមកដាំដុះជាងមួយទសវត្សរ៍មកហើយនៅកម្ពុជា ហើយប្រជាជនទូទៅចាប់ផ្តើមស្គាល់ និងដឹងពីរសជាតិផ្អែមឈ្ងុយរបស់វា។ ត្រសក់ផ្អែមដាំដុះដោយប្រើទ្រើង ឬចំណារស្រដៀងនឹងត្រសក់ចំណារដែល ប៉ុន្តែផ្លែវាមានរាងមូលៗស្រដៀងទៅនឹងផ្លែឪឡឹក។
ត្រសក់ផ្អែមមានច្រើនប្រភេទ ជាពូជនាំចូល ពុំទាន់អាចទុកពូជបាននោះទេ ដែលភាគច្រើនត្រូវបាននាំចូលមកកម្ពុជាតាមរយៈប្រទេសថៃ និងវៀតណាម។ ពូជដែលមានរស់ជាតិឆ្ងាញ់ និងពេញនិយមដាំដុះ នៅលើទីផ្សារប្រទេសយើងរួមមាន ពូជសាយភារុណ (K2122) ពូជនូនយូ តៃវ៉ាន់ (T778) ពូជ Kane 723F1 ពូជអ៊ីសវេស្ត (Akiko 060F1) ពូជជាតៃ (F1-hybrid Melon Action434) និងពូជវៀតណាម (NÔNG HUU Ve_36)។
ត្រសក់ផ្អែមជាដំណាំត្រូវការពន្លឺថ្ងៃគ្រប់គ្រាន់សម្រាប់ការលូតលាស់ ហើយងាយរងជម្ងឺ និងសត្វល្អិតបំផ្លាញ ទោះបីវាជាដំណាំដែលអាចដាំដុះបានពេញមួយឆ្នាំ ប៉ុន្តែរដូវកាលដែលល្អសម្រាប់ដាំដុះ គឺនៅរដូវប្រាំងព្រោះថារដូវវស្សាកសិករច្រើនជួបប្រទះបញ្ហា។ គេច្រើនដាំវានៅចុងរដូវវស្សា ឬនៅពេលទឹកភ្លៀងចាប់ផ្តើមអស់ និងស្រកទឹក ពោលគឺចាប់ពីខែវិច្ឆិកា ដល់ខែកុម្ភៈ ដែលអាចប្រមូលផលនៅកំឡុងខែមករា ដល់ខែមេសា។
ត្រសក់ផ្អែមបើដាំដុះលើដីល្បាយខ្សាច់នឹងផ្តល់ផ្លែតូច តែស្រួយ និងផ្អែមជាងដីល្បាប់កណ្តេង។ ដើម្បីឱ្យទទួលបានផល និងគុណភាពល្អ កសិករគួរប្រើប្រាស់ជីកំប៉ុស្តិ៍បីប្រភេទគឺកំប៉ុស្តិ៍គោក កំប៉ុស្តិ៍ទឹកបំប៉នស្លឹកដើម និងកំប៉ុស្តិ៍ទឹកជំនួយឱ្យផ្លែផ្អែម។
គូសបញ្ជាក់ផងដែរថា ក្រៅពីមានរសជាតិផ្អែមឈ្ញុយឆ្ងាញ់ ត្រសក់ផ្អែមមានអត្ថប្រយោជន៍យ៉ាងច្រើនដូចជាសំបូរប៉ូតាស្យូមដែលអាចរារាំងការកើនឡើននូវសម្ពាធឈាម ជួយដល់សុខភាពបេះដូង សំបូរជាតិសរសៃល្អសម្រាប់ការបន្ទោបង់ សំបូរប្រូតេអ៊ីនដែលហៅថាខូឡូចែនដែលអាចពន្យាភាពចាស់របស់ស្បែក សំបូរវីតាមីនអា និងបេតាការ៉ូទីនល្អសម្រាប់សុខភាពភ្នែក សំបូរការបូនអ៊ីដ្រាត និងអាចជួយការពារកំណរគ្រោះតម្រង់នោមបានថែមទៀតផង។

សៀវភៅណែនាំបច្ចេកទេស សី្តពី ដំណាំត្រសក់ផ្អែម
———————–
តំណភ្ជាប់ទាញយកឯកសារលម្អិត (PDF) ៖
https://elibrary.maff.gov.kh/book/6087bc12828c0

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។