ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញជា គណៈអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ​ (ប័ណ្ណកម្មសិទ្ធដី)​ ជូនប្រជាពលរដ្ឋចំនួន៣៧៣គ្រួសារ​ ស្មេីចំនួន៦៥០ក្បាលដី​ ក្នុងភូមិទី៥​ ឃុំព្រែកតានង់​ ស្រុកកោះសូទិន

(កំពង់ចាម) ៖ នាព្រឹកថ្ងៃទី១៥  ខែកញ្ញា ឆ្នាំ២០២៣ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណ:អធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធដី) ជូនប្រជាពលរដ្ឋចំនួន៣៧៣គ្រួសារ ស្មើចំនួន៦៥០ក្បាលដី នៅភូមិទី៥ នៅឃុំព្រែកតានង់ ស្រុកកោះសូទិន។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តកំពង់ចាម បានកោតសសើរក្រុមការងារចុះបញ្ជីដីធ្លី និងស្ថាប័ន-អង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំសម្រេចកិច្ចការនេះដោយស្មារតីទទួលខុសត្រូវ និងតម្លាភាព។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ក្បាលដីដែលពលរដ្ឋបានចុះបញ្ជីនៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបានកម្មសិទិ្ធនេះ គឺជាការបានបំពេញលក្ខខណ្ឌគ្រឹះដ៏រឹងមាំដែលធានាដោយរដ្ឋ និងការពារដោយច្បាប់ ហើយក៏ជាលក្ខខណ្ឌសំខាន់សម្រាប់ការប្រើប្រាស់ប័ណ្ណដី ដោយការដាក់ធានាខ្ចីប្រាក់នៅធនាគារ ដើម្បីយកដើមទុនមកប្រើប្រាស់សម្រាប់ធ្វើអាជីវកម្មផ្សេងៗក្នុងការកែលម្អជីវភាពរស់នៅផងដែរ។

ដូច្នេះការចុះបញ្ជីដីធ្លី គឺជាការពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដែលនឹងជំរុញការប្រើប្រាស់ដីឱ្យអស់សក្តានុពល ហើយកត្តានេ ពិតជានឹងកាត់បន្ថយភាពក្រីក្រ ដែលជាគោលដៅចុងក្រោយ នៃគោលនយោបាយជំរុញការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ទៀតថា ប័ណ្ណកម្មសិទិ្ធដែលពលរដ្ឋទទួលនៅថ្ងៃនេះ ជាឯកសារមួយសំខាន់ណាស់ ជាឯកសារតំណាងឱ្យទ្រព្យរបស់ខ្លួន ជាឯកសារតំណាងកម្មសិទិ្ធដែលជាសិទិ្ធផ្តាច់មុខរបស់កម្មសិទិ្ធករ លើដីធ្លីរបស់ខ្លួនក្នុងការប្រើប្រាស់ និងអាស្រ័យផលក្នុងការលក់ដូរ ការផ្ទេរទៅអ្នកដទៃ ការដាក់ធានាខ្ចីប្រាក់ ការផ្ទេរមរតកទៅឱ្យកូនចៅ ដោយអនុលោមតាមការកំណត់នៃច្បាប់ អាស្រ័យហេតុនេះសូមម្ចាស់កម្មសិទ្ធិរក្សាប័ណ្ណនេះ ឱ្យបានល្អបំផុត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។