ព័ត៌មានជាតិ

ចូលព្រៃបត់ជេីងតូចប្រទះឃេីញម៉ូតូមួយគ្រឿងផ្អេីលដល់សមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលដង្កោ ​យកមករក្សាទុក!

( ភ្នំពេញ)៖យុវជន០៣នាក់ជិះរុឺម៉ករកទិញអេតចាយ​ រួចឈប់ចុះបត់ជេីងតូចក៏ប្រទះឃេីញម៉ូតូមួយគ្រឿងនៅក្នុងគុម្ពោតព្រៃ​ រួចក៏ប្រញាប់ប្រញាល់ទៅប្រាប់សមត្ថកិច្ចមូលដ្ឋានចុះទៅដល់ដេីម្បីពិនិត្យ​ និងយកទៅរក្សាទុក​ កាលពីវេលាម៉ោង១១​ និង២០នាទីព្រឹក​ ថ្ងៃទី១៥​ ខែកញ្ញា​ ឆ្នាំ​២០២៣​ នៅចំណុចក្បែរសាលាកសិកម្មចំការដូង​ ក្នុងភូមិម័ល​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។

​ តាមសម្ដីយុវជនម្នាក់ឈ្មោះ​ ហុិង​ បូរឹត​ អាយុ២១ឆ្នាំ​ មុខរបរទិញលក់អេតចាយ​ ស្នាក់នៅសង្កាត់បឹងទំពុន​ ខណ្ឌមានជ័យ​ បានប្រាប់ឱ្យដឹងថា​ ដំបូងឡេីយរូបគាត់និងគ្នីគ្នា០២នាក់ទៀតបានបើកម៉ូតូសណ្ដោងរុឺម៉កដឹកអេតចាយ​ចេញពីសង្កាត់បឹងទំពុន​មកមូលដ្ឋានខណ្ឌដង្កោ​ ដេីម្បីរកទិញអេតចាយ​ ។ ខណៈមកដល់ចំណុចទីតាំងខាងលេីក៏ឈឺបត់ជេីងតូច​ រួចក៏ចុះដេីរទៅគុម្ពោតព្រៃដើម្បីបត់ជេីង​ ស្រាប់តែប្រទះឃេីញម៉ូតូមួយគ្រឿងម៉ាក​ ស្មាស់រីវ៉ូ​ ស៊េរីចាស់​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ កណ្ដាល​ 1C-7158 ។ ភ្លាមៗនោះយុវជនទាំង០៣នាក់ខាងលេីក៏ប្រញាប់បេីករុឺម៉កសណ្ដោងដឹកអេតចាយទៅកាន់ប៉ុស្ដិ៍រដ្ឋបាលសង្កាត់ដង្កោ​ដេីម្បីរាយការណ៍ប្រាប់សមត្ថកិច្ច​ ។

​ ក្រោយពីទទួលបានព័ត៌មានពីយុវជនខាងលេី សមត្ថកិច្ចមូលដ្ឋានក៏បានឱ្យយុវជនទាំង០៣នាក់នាំទៅទីតាំងនិងចង្អុលប្រាប់​ជាក់ស្ដែង​ គឺពិតជាមានម៉ូតូមួយគ្រឿងប្រាកដមែន​ និងបានបណ្ដេីរចេញ​ រួចបញ្ឆេះជិះមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ដង្កោ​ដេីម្បីរក្សាទុក​និងស្រាវជ្រាវរកម្ចាស់​ម៉ូតូ​ដែលបានបាត់​ ឱ្យមកទទួលយកទៅប្រេីប្រាស់វិញ​ ។

​ ជាមួយគ្នានោះ​ មន្ត្រីនគរបាលសង្កាត់ដង្កោ​នៅមិនទាន់ដឹងថា​ តើម៉ូតូដែលគេយកមកប្លុងចោលនេះ​ជាម៉ូតូរបស់ជនប្រព្រឹត្តបទល្មេីស​ឬក៏ជាម៉ូតូរបស់អ្នកណានោះទេ​ ទេីបកម្លាំងសមត្ថកិច្ចយកមករក្សាទុកបណ្ដោះអាសន្ន​ដេីម្បីធ្វេីការស្រាវជ្រាវបន្ត​តាមជំនាញ​ ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។