ព័ត៌មានជាតិ

ឯកឧត្តម ប្រាក់ សោភ័ណ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

(សៀមរាប) ៖ នារសៀល​ ថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣​ ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតិភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី និង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅវិមានសន្តិភាព សាលប្រជុំចំប៉ី នៃទីស្តីការគណៈរដ្ឋមន្ត្រី៕

កិច្ចប្រជុំនេះ​ រៀបចំឡេីង ដើម្បីស្វែងរកយុទ្ធសាស្រ្ត វិធីសាស្ត្រ និងសកម្មភាពថ្មីៗ ដែលអាចឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពិសេសសម្រេចឱ្យបាននូវការអនុវត្តផែនការយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ចំណុចស្នូល ក្នុងមុំទី១ ការពង្រឹង និងការកែសម្រួលស្ថាប័ន ស្តីពីការ «បន្តជំរុញ និងលើកកម្ពស់ប្រសិទ្ធភាពនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងសិក្សាស្រាវជ្រាវរកវិធានការសមស្រប និងមានប្រសិទ្ធភាពដើម្បីបង្ការ ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ» និងពិសេសគោរពអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់​ខ្ពស់ ​របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

នេះជាកិច្ចប្រជុំលើកដំបូង របស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អស់លោក ជាអនុប្រធាន និងសមាជិកទាំងអស់ ដើម្បីស្វែងរកបញ្ហាគន្លឹះ ក្នុងការពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាពការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ​ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងអំណរគុណនិងសាទរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កន្លងមក ដោយសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ និងសង្ឃឹមយ៉ាងមុតមាំថា លទ្ធផលកិច្ចប្រជុំថ្ងៃនេះ គឺជាបញ្ហាគន្លឹះ ណែនាំ ក្នុងការងារដឹកនាំសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនបន្តទៀត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។