ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តព្រៃវែង មន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្ត បានប្រារព្វពិធីទូងស្គរ អបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នាឱកាស “រមណីយដ្ឋានប្រសាទកោះកេរ” ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូនីស្កូ

(ព្រៃវែង) ៖ នៅវេលាម៉ោង៧:០០នាទីព្រឹក នាថ្ងៃពុធ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅបរិវេណសាលាខេត្តព្រៃវែងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណ:អភិបាលខេត្ត និងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំងបីខេត្ត ប្រារព្វពិធីទូងស្គរ អបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នាឱកាស “រមណីយដ្ឋានប្រសាទកោះកេរ” ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូនីស្កូ។

ព្រឹត្តិការណ៍នេះ គឺជាមោទកភាពថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងព្រះរាជាណាចក្រកម្ពុជាយើង ដែលកេរមរតកវប្បធម៌អតីតរាជធានីខ្មែរបុរាណ ឆោកគគ៌រ្យ ឬ លិង្គបុរ ហើយបច្ចុប្បន្នហៅថា កោះកេរ កសាងក្នុងសតវត្សទី១០(៩២៨-៩៤៤) ដោយព្រះបាទជ័យវរ្ម័នទី៤ និងបុព្វបុរសខ្មែរ ត្រូវបានក្រុមប្រឹក្សាអន្តរជាតិ ស្ដីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន(ICOMOS) ទទួលស្គាល់ថាជាកំពូលស្នារដៃដ៏មហស្ចារ្យនៃស្ថាបត្យកម្មខ្មែរ និងមានតម្លៃលេចធ្លោជាសកលដែលចាំបាច់ត្រូវចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ដើម្បីអបអរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៧:០០នាទីព្រឹក ដើម្បីឲ្យជនរួមជាតិកម្ពុជាគ្រប់រូប ដោយមិនប្រកាន់អាយុ ស្រទាប់វណ្ណៈ ពណ៌សម្បុរ មុខរបរ និងឋានៈសង្គម រួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ ព្រមទាំងគ្រប់ទីប្រជុំសហគមន៍តាមភូមិឲ្យបានកុះករ ខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយ ចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។

សូមបញ្ជាក់ជូនផងដែរ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ក៏មានការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅគ្រប់សាប័នរដ្ឋ ឯកជន រួមទាំងមន្ទីរ អង្គភាពជុំវិញខេត្ត សាលាក្រុង ស្រុក សាលាឃុំ សង្កាត់ រោងចក្រ សហគ្រាស ក្រុមហ៊ុន សាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាបុណ្យ វិហារសាសនា និងនៅតាមទីប្រជុំមួយចំនួនទៀត។

សមាសភាពដែលបានអញ្ជើញចូលរួម នាឱកានេះរួមមាន÷ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក-នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរ អង្គភាពជុំវិញខេត្ត សរុបប្រមាណ ៥០០នាក់។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។