ព័ត៌មានជាតិ

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស៊ីធរកណ្ដាល ចូលរួមរំលែកទុក្ខគ្រួសាររងគ្រោះចំនួន ២គ្រួសារ!

(ព្រៃវែង) ៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ លោក យឹម យូគង់ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស៊ីធរកណ្ដាល និងសហការី រួមជាមួយក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រក្សាយុវជន និងយុវជនកាកបាទក្រហម បានអញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកទេយ្យទាន និងបច្ច័យមួយចំនួន ជូនដល់គ្រួសារសពដែលទទួលមរណភាពដោយសារលង់ទឹកស្លាប់ ចំនួន២នាក់ នៅភូមិព្រែកចង្ក្រានលើ ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកប្រធានគណៈកម្មាធិការអនុសាខាស្រុក ក៏បានពាំនាំសារចូលរួមរំលែកទុក្ខ និងសោកស្តាយពីសំណាក់ ឯកឧត្តម សុខ ផេង ប្រធានស្ដីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ជាពិសេស ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះ ពិសេស ចំពោះក្រុមគ្រួសារសពដែលបាត់បង់ សមាជិកគ្រួសារជាទីស្រលាញ់។ បន្ថែមពីនេះ លោកប្រធានក៏បានសំណូមពរអោយបងប្អូនប្រជាពលរដ្ឋមេត្តាបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ ពិសេស កុមារតូចៗ ចៀសវាងការជួបប្រទះនូវគ្រោះអកុសលបែបនេះបន្តទៀត ព្រោះរដូវនេះជារដូវមានភ្លៀងធ្លាក់ច្រើន និងទឹកជំនន់ជនលិច និងត្រូវខិតខំថែរក្សាសុខភាពឲ្យបានល្អដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវីដ-១៩​គឺ ៣ការពារ​ និង​ ៣កុំ និងចូលរួមចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា និងបានគ្រប់ដូស។

ជាមួយគ្នានេះដែរ លោកប្រធានក៏បានបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក និងតេជះបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមជួយបីបាច់តាមថែរក្សាដល់ដួងវិញ្ញាណក្ខន្ធនៃសព សូមទៅកាន់សុគតិភពជានិរន្តរ៍តរៀងទៅ។

ទេយ្យទានចូលបុណ្យក្នុង១សព រួមមាន៖ មី ១កេស ទឹកសុទ្ធ ១កេស ទឹកផ្លែឈើ ១កេស និងបច្ច័យចំនួន ១០០,០០០រៀល។
-ក្រុមកាកបាទក្រហមកម្ពុជាឃុំព្រែកចង្ក្រាន ចូលបុណ្យបន្ថែម ក្នុង១សព បច្ច័យចំនួន ១៥០,០០០រៀល។សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។