ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងកសិកម្ម ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយ ឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅកម្ពុជា

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយ ឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ជា​កិច្ច​ចាប់​ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-រុស្ស៊ី លើវិស័យកសិកម្ម ផ្តោតសំខាន់លើការជំរុញពាណិជ្ជកម្មកសិកម្ម ជាអាទិ៍ការនាំជីកសិកម្មពីរុស្ស៊ីមកកម្ពុជា និងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាឆ្ពោះទៅ​កាន់​ទីផ្សារ​ប្រទេស​រុស្ស៊ី។

ជំនួបរវាង​ឯកឧត្តម​រដ្ឋមន្ដ្រី និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​រុស្ស៊ី ក៏​មាន​ពិគ្រោះ​ពិភាក្សា​គ្នា​ផង​ដែរ អំពីការ​ត្រៀម​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ជំនាញការកសិកម្ម​​ជនជាតិសូវៀត​ចំនួន​៨​រូប ដែល​បាន​ពលី​ជីវិត​នៅ​ក្នុង​ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​១៩៨៣។

ភាគី​ទាំង​ពី​បាន​ព្រម​ព្រៀង​គ្នា​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​អ្នកជំនាញការ​សូវៀត នៅ​ខេត្ត​កំពង់ចាម ដែល​ជា​ទី​កើត​ហេតុ។ ចំណែក​ស្តូបរំឭក​វិញ្ញាណក្ខន្ធ នឹង​រៀបចំ​ខ្លឹមសារ​ជា​ពីរ​ភាសា គឺ​ភាសា​ខ្មែរ និង​រុស្ស៊ី ដោយ​មាន​ឆ្លាក់​ឈ្មោះ​អ្នក​ជំនាញការ​សូវៀត​ទាំង​៨​រូប​ផង​។

ចំពោះ​ការងារ​រៀបចំ​និង​ទីតាំង​តម្កល់​ស្តូប​គោរព​វិញ្ញាណក្ខន្ធ ភាគីទាំងពីរ គឺ កម្ពុជា-រុស្ស៊ី នឹង​បន្ត​ពិភាក្សា​គ្នា​បន្ថែម​ទៀត ដើម្បី​ធានា​ថា​ការ​រៀបចំអាច​ដំណើរការ​បាន​រលូន​។ បន្ថែម​ពី​លើ​នេះ ទីតាំង​នៃ​​ការ​តម្កល់​ស្តូបត្រូវ​ជ្រើស​រើស​ឱ្យ​បាន​ស័ក្តិសមជា​ទី​បំផុត ដើម្បី​ផ្ដល់​ការ​គោរព​ចំពោះ​​អ្នក​ជំនាញការ​កសិកម្ម​នៃសហភាព​​សូវៀត​ទាំង​៨​រូប ដែល​បាន​ទទួល​មរណភាព​ក្នុង​ពេល​បំពេញ​បេសកកម្ម​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​១៩៨៣៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។