ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា (ប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងសាលារៀន) «SIS» (School Information System គឺជាប្រព័ន្ធពហុមុខងារ និងពហុបំណង នៃការគ្រប់គ្រង អប់រំបែបឌីជីថល!

(កំពង់ចាម) ៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមាន ប្រសាសន៍ថា «SIS» (School Information System ប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងសាលារៀន) ដែលក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយ ក្រុមហ៊ុន មិត្តហ្វូន ដាក់ឱ្យប្រើប្រាស់សាកល្បង នៅកម្រិតវិទ្យាល័យ តាំងពីឆ្នាំ២០២០ គឺជាប្រព័ន្ធពហុមុខងារ និងពហុបំណង នៃការគ្រប់គ្រង អប់រំបែបឌីជីថល។

ប្រសាសន៍លើកឡើងបែបនេះ ខណៈដែលឯកឧត្តម អញ្ជើញចូលរួមសិក្ខាសាលា ស្តីពីការដាក់ឲ្យអនុវត្តជំហានដំបូង​នូវ “ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន”​ ក្រោមអធិបតីភាព​ ឯកឧត្តមបណ្ឌិតសភាចារ្យ​ ហង់​ជួន​ ណារ៉ុន​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន​ និងកីឡា នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម។

ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ទៀតថា ជាក់ស្តែង នៃការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល ក្នុងវិស័យអប់រំ គឺការអនុវត្តនូវប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងសាលារៀន ដែលភាសាអង់គ្លេស ហៅថា School Information System (SIS) ទៅលើសាលារៀនមួយចំនួន នៅប្រទេសកម្ពុជា ជាពិសេសគឺ នៅខេត្តកំពង់ចាម ។ មកទល់បច្ចុប្បន្ននេះ មានសាលារៀន ២៧៦ នៅទូទាំងប្រទេស បានអនុវត្តនូវកម្មវិធី SIS ហើយ ក្នុងនោះខេត្តកំពង់ចាម មានរហូតទៅដល់ ៤៨ វិទ្យាល័យ ដែលបានសាក ល្បងអនុវត្ត SIS និង គ្រោងដាក់ឱ្យអនុវត្តសាកល្បងផងដែរ នៅកម្រិត អនុវិទ្យាល័យ និងបឋមសិក្សា នៅពេលដ៏ខ្លីខាងមុខ។ នេះគឺជាមោទនភាពដ៏ធំមួយ សម្រាប់ខេត្តកំពង់ ចាមយើង ដែលត្រូវបានជ្រើសរើស ជាខេត្តគំរូ ក្នុងការអនុវត្តសាកល្បងនូវកម្មវិធី SIS មុននឹងការពង្រីកវិសាលភាព នៃការអនុវត្តនៅទូទាំងប្រទេស ។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា លើសពីនេះទៀត SIS ជួយលើកស្ទួយវិស័យអប់រំ ឱ្យមានដំណើរការ រលូន និង មានឯកភាព ក្នុងការគ្រប់គ្រងអប់រំ ដោយការផ្ដល់ និងទទួលព័ត៌មាន មិនចាំបាច់ឆ្លងកាត់ដំណើរការ បែបការិយាល័យធិបតេយ្យ ដែលត្រូវចំណាយពេលយូរ ក្នុងការផ្ដល់ព័ត៌មាន ដល់ថ្នាក់ដឹកនាំក្រសួង ក៍ដូចជាគ្រប់ភាគីអ្នកពាក់ព័ន្ធ។ ទន្ទឹមនឹងនេះ SIS ក៏មានមុខងារសំខាន់ៗជាច្រើនទៀត ដែលផ្ទុកនូវធនធានសិក្សាដ៏សម្បូរបែបថ្មីៗ និងរស់រវើកសម្រាប់សិស្សានុសិស្ស និងគ្រូបង្រៀនដែលអាចទាញយកមកប្រើប្រាស់ បាន នៅក្នុងការបង្រៀន និងរៀន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺប្រព័ន្ធនេះ ជាប្រព័ន្ធ ដ៏ធំមួយ ដែលរស់រវើក និងមានសុវត្ថិភាព ដោយសារប្រព័ន្ធនេះ គឺគ្រប់គ្រងដោយ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការសហការ និងធានាសុវត្ថិភាពទិន្នន័យ ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

អញ្ជើញមានប្រសាសន៍សំណេះសំណាលក្នុង ឪកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានជំរុញ​ដល់​លោកគ្រូ​ អ្នក​គ្រូ​ និង​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ រួមគ្នា​អនុវត្តជាជំហានដំបូងនូវ ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន នៅតាមសាលារៀនចំនួន៤៨ នៅខេត្តកំពង់ចាម ដេីម្បី​ពង្រីក វិសាលភាពនៃការអនុវត្តនៅតាមសាលារៀនគ្រប់កម្រិតនៅពេលខាងមុខ​ឱ្យ​បានទូលំទូលាយ​ សំដៅសម្រេចបាននូវឌីជីថល​ នីយកម្ម​ ប្រព័ន្ធអប់រំប្រកបដោយគុណភាព ភាពរស់រវើក និងអាចឆ្លើយតបទៅនឹង បរិបទថ្មីនៃសង្គមសេដ្ឋកិច្ចឌីជីថល សតវត្សទី២១នេះ។​ ការ​ថ្លែង​បែប​នេះក្នុង​អង្គ​សិក្ខាសាលា ស្តីពីការដាក់ឱ្យអនុវត្តជំហានដំបូងនូវ “ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន» (SIS) នៅ​សាលា​ខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ២០២៣​ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានសង្កត់ធ្ងន់ថា​ ក្រោមការ ដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកកម្ពុជា បានផ្ដល់អាទិភាពទៅលើការអប់រំ ដោយបានដាក់បញ្ចូល «ការពង្រឹងគុណភាពអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា» ក្នុងមុំទី១ នៃបញ្ចកោណទី១ ដែលសំដៅដល់ «ការអភិវឌ្ឍ ធនធានមនុស្ស» និងជាបុរេលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន សម្រាប់ជំរុញនិងការធ្វើពិពិធកម្ម សេដ្ឋកិច្ចប្រកបដោយកំណើន បរិយាបន្ន និងសង្គតិភាព​ផងដែរ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។