ព័ត៌មានជាតិ

ពិធីប្រកាសសេចក្តីសម្រេចប្រគល់ភារកិច្ចប្រគេន សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ​ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ក្រុងសៀមរាប​ ខេត្តសៀមរាប

(សៀមរាប) ៖ នារសៀល​ ថ្ងៃព្រហស្បតិ៍ ១៤កើត​ ខែភទ្របទ​ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម​ អ៊ាន​ ឃុន​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ បានអញ្ជេីញចូលរួមពិធីប្រកាសសេចក្តីសម្រេចប្រគល់ភារកិច្ចប្រគេន សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ក្រុងសៀមរាប​ ខេត្តសៀមរាប ក្រោមព្រះអធិបតីភាព​ សម្ដេចព្រះវនរ័ត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី២ និងអធិបតីភាព​ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ ព្រមទាំងមានការនិមន្ត​ អញ្ជេីញចូលរួមពីព្រះរាជាគណៈកិត្តិយស ព្រះមន្ត្រីសង្ឃ ខេត្ត ក្រុង ស្រុកគ្រប់ឋានានុក្រម ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ និងលោកជំទាវ តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត និងលោកយាយ លោកតា លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សសាលាបឋមសិក្សាវត្តបូណ៌​។

នាឱកាសនោះ​ ឯកឧត្តម​ បានអបអរសាទរនូវតួនាទីថ្មីរបស់សម្តេច ព្រះព្រហ្មរតនមុនី ដែលព្រះអង្គមានតួនាទីបន្ថែម ក្នុងការចូលរួមសហការជាមួយ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម​ ដើម្បីពង្រឹងព្រះធម៌ ព្រះវិន័យរបស់ព្រះសម្មា សម្ពុទ្ធ ក៏ដូចជាពិធីកម្មផ្សេងៗ ឱ្យមានលក្ខណៈ និងខ្លឹមសារតែមួយទូទាំងខេត្តសៀមរាប ក៏ដូចជាវត្តអារាម ដែលស្ថិតនៅតាមរមណីយដ្ឋានក្នុងតំបន់អង្គរឱ្យមានរបៀបរៀបរយល្អ និងរាល់សំណង់ផ្សេងៗ ត្រូវសិក្សាទៅតាមបច្ចេកទេសប្លង់មេឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងច្បាប់របស់ អាជ្ញាធរជាតិអប្សរា។

ឯកឧត្តម​ បានបន្តថា​ នៅក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ននេះ មានការរីកចម្រើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង បាននឹងកំពុងបន្តរីកចម្រើនទៅមុខទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានោះ​ ប្រមុខរាជរដ្ឋាភិបាល ទាំងអាណត្តិទី៦ និងអាណត្តិថ្មីទី៧​ នៃរដ្ឋសភា បានខិតខំធ្វើសុខដុមរមនាកម្មសាសនាទាំងអស់ឱ្យរួមរស់ក្នុងដំបូលសន្តិភាពតែមួយ ហើយគ្រប់សាសនាទាំងអស់ មានគោលបំណងផ្តល់នូវសេចក្តីប្រាថ្នារួមគឺ សេចក្តីសុខរបស់សព្វសត្វទាំងអស់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។