ព័ត៌មានជាតិ

ព្រះសង្ឃនៅវត្តជប់កំភ្លឹង ស្រុកវ៉ារិន​ ត្រូវបានអាជ្ញាធរខេត្តសៀមរាប នាំយកទេយ្យវត្ថុប្រគេនក្នុងថ្ងៃបិណ្ឌទី៥

(សៀមរាប) ៖នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ លោក លោក យុន​ លីនណេ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាកខេត្ត​ ព្រមទាំងមន្ត្រីរាជការក្នុងខេត្ត មន្ត្រីរាជការស្រុកវ៉ារិន បាននាំយកទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃ ស្ថិតនៅវត្តជប់កំភ្លឹង ស្រុកវ៉ារិន ខេត្តសៀមរាប ដើម្បីចូលរួមកាន់បិណ្ឌ ជាមួយបងប្អូនប្រជាពុទ្ធបរិស័ទនៅវេនទី៤ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។

លោក យុន​ លីណេ​ អភិបាលរងខេត្តបានលើកឡើងថាពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីធំៗផ្សេងទៀតរបស់ខ្មែរ ដែលមានតាំងពីបុរាណកាល រហូតមកដល់សម័យបច្ចុប្បន្ននេះ ដែលធ្វើឡើងដើម្បីឧទ្ទិសចំពោះមាតាបិតា ជីដូនជីតា ញាតិការទាំង៧សន្ដាន និងដើម្បីលើកស្ទួយសាសនា របស់ជាតិ រួមចំណែកថែរក្សាប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ ពិសេស ដើម្បីបង្កើតនូវសាមគ្គីភាព សាមគ្គីធម៌ផងដែរ ព្រោះថាព្រះពុទ្ធសាសនា បានផ្ដល់ផលប្រយោជន៍ចំពោះការកសាងសង្គមប្រទេសជាតិឲ្យមានការរីកចម្រើនមកដល់ពេលបច្ចុប្បន្ន បើពុំមានព្រះពុទ្ធសាសនា មិនដឹងថាតើសង្គមជាតិទៅជាយ៉ាងណានោះទេ។ លោកអភិបាលរងខេត្តសៀមរាប ក៏បានកោតសសើរគណៈកម្មាធិការវត្ត និងអាជ្ញាធក្នុងមូលដ្ឋាន បានចូលរួមគ្នាកសាងវត្តនៅតំបន់ដាច់ស្រយាលមួយនេះ ទោះបីផ្លូវចូលមានសភាពលំបានបន្តិចក៏ដោយ។

ក្នុងឱកាសនោះដែរ លោក អភិបាលរងខេត្ត និង អ្នកចូលរួមទាំងអស់ បានធ្វើពិធីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ត ចំពោះមាតាបិតា ជីដូនជីតា និង ញាតិកាលទាំង ៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ និងបានឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា សូមមកទទួលនូវផល្លានិសង្ឃ ដែលបានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ និង សូមឲ្យអំណាចនៃអានិសង្ឃនេះជួយទ្រទ្រង់ឲ្យវិញ្ញាណក្ខន្ធអ្នកទាំងនោះ បានទៅកាន់ទីឋានបរមសុខកុំបីឃ្លៀងឃ្លាត ក្នុងឋានសុគតិភពកុំបីខានឡើយ។

សូមបញ្ជាក់ផងដែរថា ទេយ្យវត្ថុដែលបានយកទៅប្រគេនព្រះសង្ឃនាពេលនោះមាន បច្ច័យមួយចំនួនប្រគេនចៅអធិការ តាអាចារ្យ យាយជីតាជី អង្គរ២៥០គ.ក ត្រីខកំប៉ុង ១កេស មី ៥កេស ស្ករ ១០គ.ក ទឹកស៊ីអ៊ីវ និងទឹកត្រី ៨យូរ ទឹកបរិសុទ្ធ និងទឹកក្រូច ២០កេស រួមនិងទេយ្យវត្ថុមួយចំនួនទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។