ព័ត៌មានជាតិ

រដ្ធមន្ដ្រីក្រសួងកសិកម្ម ឌិត ទីណា ដឹកនាំប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន លើកទី៤៥

នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

អង្គប្រជុំបានពិនិត្យ និងឯកភាពលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌគោលនយោបាយ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យស្បៀង កសិកម្ម និងព្រៃឈើអាស៊ាន ដែលមានក្រុមការងារតាមវិស័យ អនុវិស័យ និងក្រុមការងារបច្ចេកទេសជាច្រើន។

ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏បានពិនិត្យលើកិច្ចសហប្រតិបត្តិការតាមវិស័យពាក់ព័ន្ធជាមួយដៃគូសន្ទនា អង្គការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធនានាផងដែរ។

អង្គប្រជុំបានឯកភាពនិងអនុម័តលើឯកសារយុទ្ធសាស្រ្ត គោលការណ៍ណែនាំ និងឯកសារបច្ចេកទេសមួយចំនួន និងបានចេញសេចក្តីថ្លែងការរួមនៃកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៤៥ ដែលជាការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យស្បៀង កសិកម្ម និងព្រៃឈើ ដោយទទួលស្គាល់សារៈសំខាន់នៃកសិកម្មប្រកបដោយនិរន្តរភាព សន្តិសុខស្បៀង និងការគ្រប់គ្រងព្រៃឈើប្រកបដោយចីរភាព ការបញ្ជាក់ពីតម្រូវការសម្រាប់កិច្ចសហការយ៉ាងជិតស្និទ្ធដើម្បីដោះស្រាយបញ្ហាប្រឈមនិងការចាប់យកឱកាសនៅក្នុងតំបន់។

សេចក្តីថ្លែងការណ៍រួមនេះបានផ្តោតជាសំខាន់ទៅលើ៖
*ក្របខ័ណ្ឌគោលនយោបាយទាក់ទងនឹងកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យស្បៀង កសិកម្ម និងព្រៃឈើ ឆ្នាំ២០២២-២០២៣
*ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃវិស័យស្បៀង កសិកម្ម និងព្រៃឈើ
*សន្តិសុខស្បៀង និងអាហារូបត្ថម្ភ
*សុវត្ថិភាពចំណីអាហារ ការគ្រប់គ្រងនិងគុណភាពផលិតផល
*ការរៀបចំសម្រាប់ចក្ខុវិស័យក្រោយឆ្នាំ២០២៥ និងផែនការយុទ្ធសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យស្បៀង កសិកម្ម និងព្រៃឈើ
*ការរួមគ្នាឆ្ពោះទៅមុខជាមួយដៃគូសន្ទនា និងអង្គការអន្តរជាតិនានា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។