ព័ត៌មានជាតិ

ពិធីសំណេះសំណាល និងផ្សព្វផ្សាយ ស្ដីពី”សារប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះ និងការថែទាំក្រោយសម្រាលក្នុងអំឡុងពេលការរាតត្យាតជាសកលនៃជំងឺកូវីដ-១៩”ជូនដល់ស្ដ្រីមានផ្ទៃពោះ និងស្ដ្រីទើបសម្រាលកូនរួចចំនួន៣០នាក់ នៅស្រុកពោធិ៍រៀង

(ខេត្តព្រៃវែង) ៖ នៅថ្ងៃអង្គារ ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ កាកបាទក្រហមកម្ពុជា​ និងក្រុមការងារ​ឥស្សរជនឆ្នើមថ្នាក់ជាតិ​ សហការជាមួយ​ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តព្រៃវែង​ និងក្រុមការងារ​ឥស្សរជនឆ្នើមថ្នាក់សាខា​ ខេត្តព្រៃវែង​ បានរៀបចំពិធីសំណេះសំណាល​ និងផ្សព្វផ្សាយ​ ស្តីពី​ «សារប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះ និងការថែទាំក្រោយសម្រាល ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩»​ ជូនដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូនរួចចំនួន ៣០នាក់ នៅភូមិពោធិ៍រៀង​ជើង ឃុំពោធិ៍រៀង​ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង​។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១​ កាកបាទក្រហមកម្ពុជា​ និងជាអនុប្រធានអចិន្ត្រៃ​យ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ​ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ​ ដែលផ្តាំផ្ញេីសួរសុខទុក្ខ​ ការគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​ និងការកោតសរសេីរចំពោះ​ស្ត្រីមានផ្ទៃពោះ​ និងស្ត្រីទេីបសម្រាលកូនទាំងអស់​ ដែលមានការយល់ដឹងយ៉ាងច្បាស់ពីសារប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះ និងការថែទាំក្រោយសម្រាល ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។

ជាមួយគ្នានេះ​ បងប្អូនស្ត្រីទាំងអស់​ បានបង្ហាញពីសកម្មភាពទៅពិនិត្យផ្ទៃពោះទៀងទាត់​ ការទទួលបានថ្នាំជាតិដែក ការអនុវត្តតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ និងការសម្រាលនៅមន្ទីរពេទ្យបង្អែក។ បន្ទាប់ពីសម្រាលរួច​ ត្រូវទៅពិនិត្យសុខភាពទាំងម្តាយ និងកូន តាមការកំណត់របស់គ្រូពេទ្យ​ និងទទួលថ្នាំបង្ការជំងឺ១១មុខ ហេីយបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតដល់ទារកមានអាយុ ៦ខែ ព្រមទាំងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។

សូមបញ្ជាក់ថា​ ស្ត្រីទាំង​ ៣០នាក់​ បានទទួលវត្ថុអនុស្សាវរីយ៍​ពីកាកបាទក្រហមកម្ពុជា​ ក្នុង​ម្នាក់ៗទទួលបាន​ ៖ កន្សែងពោះគោធំ​ ១,​ សាប៊ូ​ ២ដុំ,​ ជែលលាងដៃ​ ២ដប,​ ម៉ាស់​ ១០បន្ទះ។ បន្ថែមពីនេះ​ នៅទទួលបាន​ ៖​ អង្ករ​ ២៥គីឡូក្រាម​,​ មី​ ១កេស,​ ត្រីខ​ ១០កំប៉ុង​,​ ឃីត​ (មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត)​ ១កញ្ចប់,​ និងថវិកា​ ៥០.០០០រៀល​ ជារបស់​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តព្រៃវែង​៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។