ព័ត៌មានជាតិ

ពិធីសំណេះសំណាលជាមួយមន្ត្រីដែនដី​ និងជំរុញការចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តកំពង់ចាម​

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីដែនដី​ និងជំរុញការចុះបញ្ជីដីធ្លីនៅភូមិសាស្ត្រខេត្តកំពង់ចាម​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលពិធីប្រព្រឹត្តទៅនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

អញ្ជើញមានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានថ្លែងថា​ ប្រទេស​កម្ពុជា​ជា​ទ្រនំ​សុភមង្គល​ ដូច្នេះ​យេីង​ត្រូវ​រៀបចំ​ទ្រនំ​ជូន​ប្រជាពលរដ្ឋ​ ឱ្យ​បាន​រស់នៅ​ដោយ​សុភមង្គល​ និង​ភាព​រីកចម្រើន​​ តាម​រយៈ​ការ​ចុះបញ្ជី​ដីធ្លី​ និង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ ប្រកប​ដោយ​ទំនុកចិត្ត​ និង​ប្រសិទ្ធភាព​ ការ​ថ្លែង​បែប​នេះ​ក្នុង​កិច្ច​ប្រជុំ​ពិនិត្យ​ និង​ជំរុញ​ការ​ចុះបញ្ជី​ដីធ្លី​នៅ​ខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​១៩​ ខែតុលា​ ឆ្នាំ​២២៣​ ក្រោម​វត្តមាន​ឯកឧត្តម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និង​ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ រួមនឹង​ប្រតិភូ​ជា​ថ្នាក់ដឹកនាំ​ជាច្រើន​រូប​ទៀត​ ។

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ថ្លែងបន្តថា​ ការចុះបញ្ជីដីធ្លីគឺជាការផ្តល់នូវសិទ្ធិ សុវត្ថិភាព ផ្លូវច្បាប់​ ក្នុងការកាន់កាប់អចលនទ្រព្យស្របច្បាប់​ ​ជូនដល់ប្រជាពលរដ្ឋយើង​ ខណៈ​រាជរដ្ឋាភិបាលនីតិកាលទី៧ គឺជាអាណត្តិដឹកនាំបន្តរក្សាមរតកសន្តិភាព ពីរាជរដ្ឋាភិបាលមុនៗ ដែលជាឬសកែវ នៃដួងព្រលឹងជាតិខ្មែរ ដូច្នេះក្នុងអាណត្តិថ្មីនេះ អ្វីៗដែលយើងត្រូវធ្វើសម្រាប់ ថ្ងៃអនាគត គឺធ្វើយ៉ាងណា​ឱ្យ​ឬសកែវ នៃដួងព្រលឹងជាតិ​កាន់តែរឹងមាំបន្ថែមទៀត។

បេី​តាម​របាយការណ៍​របស់​មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម​ បានឱ្យដឹងថា​ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣នេះ​ លទ្ធផលនៃការអនុវត្តការងារចុះបញ្ជីដីធ្លី​ សម្រេចបាន​ -ប្រមូលទិន្នន័យ​ 758,328 ក្បាលដី​-បិទផ្សាយ​ 738,798 ក្បាលដី​ -នៅបិទផ្សាយ 19,530 ក្បាលដី​ – ចេញបណ្ណ​ 734,064 ក្បាលដី​ -ចែកដល់ដៃ​732,494 ក្បាលដី។

គួរ​បញ្ជាក់​ថា​ ក្នុង​ឱកាស​នោះ​ដែរ​​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី​ និង​ឯកឧត្តម​អភិបាលខេត្តកំពង់ចាម​ បាន​ប្រគល់​ម៉ូតូ​ចំនួន​៣០គ្រឿង​ និង​សម្ភារៈ​មួយ​ចំនួន​​ ជូន​ដល់​មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម​ សម្រាប់​ប្រេីប្រាស់​ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ​ ជូន​ដល់​​ប្រជាពលរដ្ឋ​ ផងដែរ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។