ព័ត៌មានជាតិ

សម្តេចធិបតី និងលោកជំទាវ អញ្ជើញដល់ក្រុងរីយ៉ាដ ដោយសុវត្ថិភាព ក្រោយហោះជាង១០ម៉ោង

(រីយ៉ាដ, អារ៉ាប៊ីសាអូឌីត)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី បានដឹកនាំគណៈប្រតិភូហោះដល់ក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ដោយសុវត្ថិភាពនៅយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីចំណាយពេលហោះជាង១០ម៉ោង ពីទីក្រុងប៉េកាំង ប្រទេសចិន។

សម្តេចធិបតី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ អញ្ជើញដល់ក្រុងរីយ៉ាដវេលាម៉ោងជាង៨យប់ ម៉ោងនៅរីយ៉ាដ ត្រូវនឹងម៉ោងប្រមាណ ១១យប់ម៉ោងនៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា សម្តេចធិបតី អញ្ជើញទៅកាន់ក្រុងរីយ៉ាដ ដើម្បីចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ASEAN-GCC Summit)។ ដំណើរអញ្ជើញទៅចូលរួមកិច្ចប្រជុំនៅក្រុងរីយ៉ាត ធ្វើឡើងតបតាមការអញ្ជើញរបស់ ស្តេច សាលម៉ាន ពិន អាប់ឌុលអាហ្សីស អាល សាអ៊ូឌ (Salman bin Abdulaziz Al Saud) ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

កិច្ចប្រជុំកំពូលនេះប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅរាជធានីរីយ៉ាដ។ កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាសម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ពិភាក្សារិះរកមធ្យោបាយនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងវិស័យដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក រួមមាន វិស័យពាណិជ្ជកម្ម និង ការវិនិយោគ ទីក្រុងឆ្លាត ថាមពល ការប្រយុទ្ធប្រឆាំងភេរវកម្ម និងទេសចរណ៍ជាដើម។

កិច្ចប្រជុំកំពូលនេះគ្រោងនឹងកត់សម្គាល់នូវឯកសារលទ្ធផលចំនួនពីរ៖ (១) សេចក្តីថ្លែងការណ៍រួមសម្រាប់កិច្ចប្រជុំកំពូល និង (២) ឯកសារក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (សម្រាប់ឆ្នាំ២០២៤-២០២៨)។

អំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ សម្តេចធិបតីនឹងមានជំនួបទ្វេភាគីជាមួយឥស្សរជន បរទេស មួយចំនួននៅរាជធានីរីយ៉ាដ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា និងប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។