ព័ត៌មានជាតិ

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ១ខ្នង មានកំពស់២ជាន់ និងសមិទ្ធផលនានាក្នុងក្រុងបាត់ដំបង

(បាត់ដំបង)៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ២ជាន់ ១០ បន្ទប់ និងសមិទ្ធផលផ្សេងៗ នៅក្នុងសាលាបឋមសិក្សា សម្តេច ជា ស៊ីម ស្ថិតក្នុងភូមិបែកចាន សង្កាត់ព្រែកព្រះសម្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ តាមរយៈ លោក ស សុខា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលមានការអញ្ជើញចូលរួមពី លោកអភិបាល នៃគណៈអភិបាលខេត្ត លោក លោកស្រីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ គណៈប្រតិភូអមដំណើរ លោកគ្រូ អ្នកគ្រូ យុវជនសសយក យុវជនកាយរិទ្ធិ និងសិស្សានុសិស្សជាច្រើនទៀត។

លោក ងួន រតនៈ ជំនួសមុខឱ្យអាព្យាបាល សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបងទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រីព្រមទាំងក្រុមការងារ ដែលបានផ្តួចផ្តើមគំនិតក្នុងរៀបចំកសាង ជួសជុល និងកែលម្អរអគារសិក្សា ខ្លោងទ្វា និងបរិវេណទាំងក្នុង និងក្រៅឲ្យមានសោភ័ណ្ឌភាពកាន់តែស្អាត ដែលចំណាយថវិកាសរុប ៥០៥.២៣៧ ដុល្លារ ។

គូសបញ្ជាក់ផងដែរថា ពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានាក្នុងសាលាបឋមសិក្សាសម្តេច ជា ស៊ីម រួមមាន៖ អគារសិក្សា ១ខ្នង ២ជាន់ ១០ បន្ទប់ ដែលមានឈ្មោះថា អគារលោកជំទាវ ញ៉ែម សឿន ជា ស៊ឹម ព្រមទាំងបំពាក់សម្ភារៈសិក្សា និងជួសជុលអគារសិក្សា បំពាក់សម្ភារៈ ទីចាត់ការ សាលប្រជុំ ទីធ្លាទាំងក្នុង និងក្រៅ និងសមិទ្ធផលផ្សេងៗជាច្រើនទៀតផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។