ព័ត៌មានជាតិ

អនុវត្តតាមគោលនយោបាយ និងផែនការអភិវឌ្ឃន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣

(ភ្នំពេញ) អនុវត្តតាមគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងសហការជំរុញ គាំទ្រ និងលើកទឹកចិត្តឲ្យប្រជាកសិករ អ្នកផលិត វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្មយកចិត្តទុកដាក់បង្កើនផលិតភាពផលិតកម្មកសិកម្មតាមរយ:ការអនុវត្តបច្ចេកវិទ្យាទំនើបទាន់សម័យ ការប្រើប្រាស់ពូជសុទ្ធ ការប្រើប្រាស់ធាតុចូលកសិកម្មឲ្យបានត្រឹមត្រូវតាមការណែនាំរបស់មន្ត្រីជំនាញ ស្លាកសញ្ញាវេចខ្ចប់ ការរៀបចំចងក្រងជាក្រុម ឬបណ្តុំផលិត ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ច សន្យា។ល។ ដើម្បីធានាបាននូវស្តង់ដាផលិត កែច្នៃ វេចខ្ចប់ ធានាបានគុណភាព និងសុវត្ថិភាព ឆ្លើយតបបានតាមនិយាមទីផ្សារនាំចេញក្នុងតំបន់ និងអន្តរជាតិ។

តាមអ្វីដែលអគ្គនាយកដ្ឋានកសិកម្មបានបញ្ជាក់ក្នុងរបាយការណ៍កាលពីថ្ងៃទី២០ ខែមករា បានឲ្យដឹងថាដើម្បីចូលរួមចំណែកបំពេញលក្ខខណ្ឌតម្រូវសម្រាប់ការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ សំដៅធានា ឬបញ្ជាក់ឲ្យបានសុក្រឹត្យអំពីគុណភាព និងសុវត្ថិភាពកសិផល ឆ្លើយតបតាមតម្រូវការរបស់អ្នកបញ្ជាទិញ ឬប្រទេសនាំចូល មន្ទីរពិសោធន៍ជាតិកសិកម្ម (National Agriculture Laboratory-NAL) ស្ថិតក្រោមអគ្គនាយកដ្ឋានកសិកម្ម បាននិងកំពុងបំពេញបេសកកម្មសំខាន់ក្នុងការចូលរួមចំណែក និងគាំទ្រលើការងារពិសោធន៍ វិភាគ និងស្រាវ ជ្រាវគ្រប់មុខដំណាំ ជាពិសេសលើការពង្រឹងគុណភាព និងសុវត្ថិភាពកសិផល។ តួនាទី និងភារ កិច្ចរបស់ NAL គឺសំដៅដល់ដំណើរការវិភាគ ត្រួតពិនិត្យលើធាតុចូលកសិកម្ម សារធាតុសរីរាង្គ និងអសរីរាង្គ ដើម្បីរកឲ្យឃើញកម្រិតបរិមាណសារធាតុដែលមានកម្រិតភាពសុទ្ធ និងសំណល់នៃធាតុសកម្មមាននៅក្នុងដី ជី ទឹក រុក្ខជាតិ ថ្នាំកសិកម្ម និងពពួកមីក្រូសារពាង្គកាយដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗនៅក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម។ ឆ្លើយតបតាមបរិបទនៃការអភិវឌ្ឍន៍វិស័យកសិកម្ម ដើម្បីការនាំចេញកសិផល NAL បាននិងកំពុងដំណើរការវិភាគ និងពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យកាន់តែល្អប្រសើរទ្បើងថែមទៀតទាំងធនធានមនុស្ស ឧបករណ៍ សម្ភារ និងសេវាកម្ម ដើម្បីឆ្លើយតបឲ្យបានទាន់ពេល និងមានប្រសិទ្ធភាពទៅតាមសំណូមពររបស់អតិថិជន និងទីផ្សារនាំចេញ។

បច្ចុប្បន្ន NAL បាននិងកំពុងផ្តល់សេវាកម្មជូនសាធារណមួយចំនួនលើការវិភាគ សេវាគាំទ្រលើការងារពិសោធន៍ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍ ការវិភាគពាក់ព័ន្ធនឹងការកំណត់តំបន់ដាំដុះ ការគ្រប់ គ្រង និងអភិរក្សធនធានដី និងសេវាចូលរួមលើការងារសហការ និងអន្តរាគមន៍ ដែលត្រូវបាន អនុវត្តជាប្រចាំដើម្បីទ្រទ្រង់ និងធ្វើឲ្យកាន់តែប្រសើរទ្បើងដល់ការអភិវឌ្ឍអនុវិស័យដំណាំ ដោយក្នុងនោះក៏បានរាប់បញ្ចូលផងដែរនូវការរួមចំណែករកប្រាក់ចំណូលជូនរដ្ឋ។ ព្រមជាមួយគ្នានេះ NAL មានសមត្ថភាពអាចធ្វើការវិភាគលើកម្មវត្ថុមួយចំនួនដូចខាងក្រោម៖

១- ការវិភាគយថាប្រភេទលើពពួកម៉ាក្រូធាតុ និងមីក្រូធាតុនៅលើសំណាកដី ជី ទឹកកសិកម្ម និងរុក្ខជាតិ ដែលជាវិញ្ញាសារសំខាន់ក្នុងការកំណត់រកកម្រិតសារធាតុចិញ្ចឹមចម្បង N.P.K និងសារធាតុរួមផ្សំដែលដំណាំត្រូវការ។

២- ការវិភាគគុណភាពថ្នាំកសិកម្ម ដែលបានរួមចំណែកផ្តល់ផលប្រយោជន៍ និងផលចំណេញដល់កសិករ អ្នកប្រើប្រាស់ ដើម្បីបញ្ចៀស និងទប់ស្កាត់កម្រិតលាយផ្សំមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស មុនធ្វើការចុះបញ្ជីអនុញ្ញាតឲ្យធ្វើអាជីវកម្ម ឬប្រើប្រាស់ ដែលអាចនាំឲ្យបង្កហានិភ័យផ្សេងៗដល់សុខភាពមនុស្ស សត្វ រុក្ខជាតិ និងបរិស្ថាន។

៣- ការវិភាគសំណល់ថ្នាំកសិកម្ម ដែលធានាបាននូវគុណភាព និងសុវត្ថិភាពចំណីអាហារ និងមានសារៈប្រយោជន៍ ចំពោះសេដ្ឋកិច្ចទីផ្សារក្នុងស្រុក និងការនាំចេញ។ ការវិភាគនេះគឺជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការបង្កើនភាពជឿជាក់ និងទំនុកចិត្តរបស់អតិថិជនចំពោះផលិតករទៅលើការអនុវត្តកសិកម្មល្អ (GAP) ឬកសិកម្មសរីរាង្គ ដែលជាសក្ខីភាព បញ្ជាក់ពីការអនុវត្តវិធានបច្ចេកទេសយ៉ាងល្អខ្ជាប់ខ្ជួន មិនកេងបន្លំ ធានាបាននូវគុណភាព សុវត្ថិភាព និងសុខុមាលភាព មនុស្ស សត្វ រុក្ខជាតិ និងបរិស្ថាន។

៤- ការវិភាគលើពពួកមីក្រូសារពាង្គកាយបង្កគ្រោះថ្នាក់ ដោយភាគច្រើនតែងកើតមាននៅលើចំណីអាហារបង្កទ្បើងដោយពពួកមេរោគ ផ្សិត បាក់តេរី វីរុស និងនេម៉ាតូត ដែលជាសមាសភាពចង្រៃបណ្តាលមកពីការផលិត ការលាយផ្សំមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងកង្វះអនាម័យ។

៥- ការវិភាគគុណភាពគ្រាប់ពូជដំណាំ និងការបណ្តុះជាលិកាវប្បកម្ម ដែលដើរតួនាទីសំខានក្នុងការលើកកម្ពស់់ប្រសិទ្ធភាពសេដ្ឋកិច្ច ប្រសិទ្ធភាពដំណុះគ្រាប់ពូជ និងជាកត្តាជះឥទ្ធិពលជាវិជ្ជមានដល់កំណើនទិន្នផល និងតម្រូវការទីផ្សារ “ពូជដំណាំល្អ នឹងទទួលបានផលល្អ”។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។