ព័ត៌មានជាតិ

ទីតាំងល្បែងស៊ីសងនៅចំណុចចំការសាំលី ក្នុងស្រុកមេមត់ ដែលសមត្ថកិច្ចបង្ក្រាបលើកមុន ដំណើរការឡើងវិញក្រោមរូបភាពកៀងត្រីបញ្ចូលស៊ង!

អ្នកភូមិបាននិយាយថា ទីតាំងល្បែងស៊ីសងចល័តវង់ធំ នៅចំណុចចំការសាំលី ស្ថិតក្នុងឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលអាជ្ញាធរមានសមត្ថកិច្ច ទើបបង្ក្រាបកាលពីខែកន្លងទៅថ្មីៗនេះ ឥឡូវបានចាប់ផ្ដើមឡើងវិញហើយ ជាការចាប់ផ្ដើមដែលមានទ្រង់ទ្រាយធំជាងមុនទ្វេដង។ អ្នកភូមិហៅប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងលើកមុន ហើយលោកបើកដំណើរការវិញទ្រង់ទ្រាយធំនៅពេលនេះគឺជាវិធានការកៀងត្រីបញ្ចូលស៊ង។ យ៉ាងណាក៏ដោយគេជឿថា ស្នងការនគរបាលខេត្តត្បូងឃ្មុំ មិនមែនជាអ្នកដើរកៀងត្រីទាំងនោះឡើយ។

តាមសេចក្ដីរាយការណ៍ថា ការបង្ក្រាបល្បែងដែលមានលក្ខណៈសិល្បៈ ដោយសមត្ថកិច្ចខេត្តត្បូងឃ្មុំ កាលពីគ្រាមុនគឺគ្រាន់តែជាវិធីកៀងត្រីបញ្ចូលស៊ងតែប៉ុណ្ណោះ។ ពោលគឺគេគ្រាន់តែកៀងគរមេៗល្បែង ឱ្យរៀបចំកញ្ចប់ឱ្យគេហើយធ្វើអីក៏ធ្វើទៅ។ បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា វង់ល្បែងស៊ីសងទ្រង់ទ្រាយធំ ដែលសមត្ថកិច្ចខេត្តត្បូងឃ្មុំ បង្ក្រាបកាលពីខែមុននោះ បានដំណើរការឡើងវិញយ៉ាងគគ្រឹកគគ្រេង។ ការដំណើរការឡើងវិញនៅពេលនេះ មើលទៅដូចជាមានភាពជឿជាក់ និងសុវត្ថិភាពសម្រាប់អ្នកដែលចូលទៅលេង។ ថៅកែវង់ល្បែងធានាអះអាងថា មិនមានការឆ្មក់ចុះបង្ក្រាបពីសមត្ថកិច្ចខេត្តត្បូងឃ្មុំ ទៀតទេ។

ការណ៍នេះបានធ្វើឲ្យមេវង់ល្បែងដែលគេស្គាល់ឈ្មោះថា ចង់ ឡើងចាងពង្រីកទំហំ និងមុខល្បែងជាច្រើនដើម្បីតម្រូវចិត្តអ្នកលេងដែលមានដូចជា ជល់មាន់, អាប៉ោង, យូគី ជាដើមដែល១ថ្ងៃៗមានអ្នកចាញ់ឈ្នះរាប់ពាន់រាប់ម៉ឺនដុល្លារ។ ហើយដែលផ្ដើមចេញ ពីវង់ល្បែងស៊ីសងនេះបានជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខសង្គមនិងគ្រួសារ ។ ប៉ុន្តែវាមិនមែនជាក្ដីកង្វល់របស់សមត្ថកិច្ចឡើយ ។ ផ្ទុយទៅវិញវាជាលាភរបស់ពួកគេទេតើ ។ ព្រោះតែលាបសក្ការៈរបស់សមត្ថកិច្ចខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក​​​​​ ម៉ុន មាគ៌ា នោះឡើយទើបក្រុមអ្នកញៀនល្បែងស៊ីសងដែលធ្វើដំណើរទៅទីតាំងខាងលើហាក់ដូចជាមានភាពជឿជាក់ចំពោះសុវត្ថិភាព។

ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ហាក់ដូចជាបាត់បង់ទាំងស្រុង ចំពោះជំនឿទៅលើសមត្ថកិច្ចក្នុងការបង្ក្រាបវង់ល្បែងស៊ីសង។ អាជ្ញាធរមុននឹងចុះទៅបង្ក្រាប អាចទាក់ទងជាមួយថៅកែវង់ល្បែងលោក ចង់ ហើយនៅពេលដែលសមត្ថកិច្ចចុះទៅដល់គឺមិនមានសកម្មភាពល្បែងស៊ីសងដំណើរការទេ។ ពេលនោះអាជ្ញាធរមានសមត្ថកិច្ចនឹងស្ដីបន្ទោសទម្លាក់កំហុសទៅលើប្រជាពលរដ្ឋ ក្នុងចេតនាណាមួយថា រាយការណ៍ព័ត៌មានមិនពិត មានចេតនាញុះញង់ធ្វើឲ្យខូចមុខមាត់សមត្ថកិច្ចជាដើម។ ទីបំផុតគឺប្រជាពលរដ្ឋអ្នករាយការណ៍ឲ្យសមត្ថកិច្ចទៅបង្ក្រាប ជាអ្នកមានកំហុស ហើយសង្វៀនល្បែងស៊ីសងនោះអាចដំណើរការបានជាធម្មតាថែមទៀត។

ក្នុងស្ថានភាពបែបនេះក្រុមអ្នកភូមិដែលរស់នៅតំបន់ក្បែរខាងនៃវង់ល្បែងស៊ីសងបានអំពាវនាវដល់ប្រមុខរដ្ឋាភិបាលគឺសម្ដេច ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ធ្វើយ៉ាងណាធានាឲ្យមានការគោរពយ៉ាងម៉ឺងម៉ាត់នូវគោល នយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីកុំឲ្យជនឱកាសនិយមដែលជាសមត្ថកិច្ចឆ្លៀតមូរទឹកភ្នែករាស្ត្រ និងសណ្ដាប់ធ្នាប់សង្គមដាក់ហោប៉ៅ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។