ព័ត៌មានជាតិ

កិច្ចប្រជុំឆ្លងរបាយការណ៍ និងបិទការងារសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តសៀមរាប សម្រាប់ការិយបរិច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ

(សៀមរាប) ៖ នាព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣​ លោក សុខ ថុល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានអញ្ជើញចូលរួមកិច្ចប្រជុំឆ្លងរបាយការណ៍ និងបិទការងារសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តសៀមរាប សម្រាប់ការិយបរិច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងមានការអញ្ជើញចូលរួមពី អគ្គនាយករង គណៈប្រតិភូសវនកម្មផ្ទៃក្នុង លោក លោកស្រី នាយក/នាយករងរដ្ឋបាល រដ្ឋបាលក្រុង/ស្រុក នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានការិយាល័យ ប្រធានផ្នែក និងឃុំ/សង្កាត់ ក្រោមចំណុះរដ្ឋបាលខេត្តសៀមរាបជាច្រើនរូបទៀត។

បន្ទាប់ពីស្តាប់របាយការណ៍សង្ខេបរបស់លោក​ ឈាង​ ភារម្យ​ អនុប្រធាននាយកដ្ឋាន​ និងជាអនុប្រតិភូរួមក​ លោក​ សុខ​ ថុល​ បានថ្លែងនូវំណរគុណចំពោះក្រុមសវនកម្មផ្ទៃក្នុង​ ហេីយការងារដែលនៅសេសសល់នឹងឱ្យមន្ត្រីក្រោមវាទធ្វេីការកែតម្រូវឱ្យស្របតាមនីតិវិធី​ ពិសេសឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយដែលរាជរដ្ឋាភិបាលអាណត្តិទី៧​ បានដាក់ចេញ។

នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ចំណុះរដ្ឋបាលខេត្តដែលបានខិតខំប្រឹងប្រែងអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីធានាបាននូវវឌ្ឍនភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ។​ ឯកឧត្តម បានគូសបញ្ជាក់បន្ថែមអំពីតួនាទីភារកិច្ចរបស់សវនកម្មផ្ទៃក្នុង ក្នុងការធ្វើឱ្យប្រតិបត្តិការប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់អង្គភាពនីមួយៗ មានដំណើរការប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងភាពសន្សំសំចៃខ្ពស់ក្នុងការប្រើប្រាស់ធនធានរបស់អង្គភាព។

ទន្ទឹមនេះ ឯកឧត្តម បានសំណូមពរដល់រដ្ឋបាលខេត្ត ត្រូវពិនិត្យមើលផ្នែកធនធានមនុស្ស ដូចជាការបណ្តុះបណ្តាលតាមជំនាញដើម្បីបំពេញបន្ថែមលើសមត្ថភាពរបស់មន្រ្តី និងការរៀបចំរចនាសម្ព័ន្ធក្នុងអង្គភាពឱ្យបានពេញលេញសមស្របតាមការងារចាំបាច់ និងបំពេញសេវាជូនប្រជាពលរដ្ឋបានឆាប់រហ័សនិងមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានពាំនាំអនុសាសន៍ផ្តាំផ្ញើដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលមន្ត្រីរបស់យើងត្រូវអនុវត្តតាមឱ្យបានខ្ជាប់ខ្ជួន ជាពិសេសនោះគឺអភិក្រមទាំង៣ ៣កុំ ៣គួរ និងគប្បី១:
៣កុំ៖ កុំឈ្លោះគ្នា,កុំប៉ែងជើងគ្នា,កុំច្រណែនគ្នា
៣គួរ៖ គួរស្រលាញ់គ្នា,គួរជ្រោមជ្រែងគ្នា,គួរសាទរគ្នា
គប្បី១៖គួរឱបដើមឈើក្រសួងមហាផ្ទៃឱ្យបានជោគជ័យ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។