ព័ត៌មានជាតិ

ពិធីប្រកាសផ្ទេរភារកិច្ចប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី​ នៃស្រុកព្រះស្ដេច

(ព្រៃវែង) ៖ ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ពេជ្រ សុត្ថារ័ត្ន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចជូនប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី​ នៃស្រុកព្រះស្ដេច ខេត្តព្រៃវែង។

ពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខដំណែង​ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីថ្មី​គឺ លោក អ៊ុំ ប៉ូល័ក្ខ មកកាន់ដំណែងប្រធានច្រកថ្មីជំនួស លោក ហាស់ ពណ្ណភ័ណ។

បន្ទាប់ពីប្រគល់ជូនប្រកាសរួច លោក អ៊ុំ ប៉ូល័ក្ខ ដែលទើបតែប្រកាសតែងតាំងមុខតំណែងជាប្រធានស្នាក់ការថ្មីនៃស្រុកព្រះស្តេច បានឡើងប្ដេជ្ញាចិត្ត ជូនចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ក្នុងន័យបន្តការបម្រើប្រជាពលរដ្ឋឲ្យកាន់តែម៉ត់ចត់ និងមានប្រសិទ្ធភាព។

ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្ត បានស្នើដល់ប្រធានស្នាក់ការថ្មី ព្រមទាំងកងកម្លាំងប្រដាប់ អាវុធ មន្ត្រីរាជការ បណ្ដាស្ថាប័នអង្គភាពជំនាញនានាជុំវិញស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន អន្តរជាតិ សូមយកចិត្តទុកដាក់បំពេញការងារឱ្យស្របតាមតួនាទី ភារកិច្ចរបស់ខ្លួនឱ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាឱ្យចរន្តការងារមានភាពរលូន ស៊ីសង្វាក់គ្នា ដោយឈរលើស្មារតីទទួល ខុសត្រូវខ្ពស់ ជាពិសេសត្រូវតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។