ព័ត៌មានអន្តរជាតិ

នៅថ្ងៃទី១ នៃការចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បញ្ឈប់ដំណើរការដកសហរដ្ឋអាមេរិក ចេញពីអង្គការ WHO និងត្រៀមបង្កើនកិច្ចសហប្រតិបត្តិការឡើងវិញ!

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានបញ្ឈប់ដំណើរការនៃការដកសហរដ្ឋអាមេរិក ចេញពីអង្គការសុខភាពពិភពលោក (WHO) ហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១។

ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីបានស្បថ ចូលកាន់តំណែងជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលបញ្ឈប់ដំណើរការដកសហរដ្ឋអាមេរិក ចេញពីអង្គការ WHO ដែលអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្តួចផ្តើមកាលពីឆ្នាំ២០២០ កន្លងទៅនេះ។

លោក ចូ បៃដិន ធ្លាប់បានសរសេរសារបង្ហោះនៅលើគណនីTwitter របស់លោក កាលពីខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ នៅពេលដែលអតីតរដ្ឋបាលរបស់សហរដ្ឋអាមេរិក បានជូនដំណឹងដល់អង្គការសហប្រជាជាតិ អំពីការដកខ្លួនចេញពីអង្គការ WHO ថា «ជនជាតិអាមេរិកមានសុវត្ថិភាព នៅពេលសហរដ្ឋអាមេរិកចូលរួម ក្នុងការពង្រឹងសុខភាពពិភពលោក។ នៅថ្ងៃដំបូងដែលខ្ញុំ ចូលកាន់តំណែងជាប្រធានាធិបតី ខ្ញុំនឹងចូលរួមជាមួយអង្គការ WHO និងស្តារភាពជាអ្នកដឹកនាំរបស់យើងឡើងវិញ នៅលើឆាកពិភពលោក»។

បើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ លោក ចូ បៃដិន បានជ្រើសរើសលោក អាន់ថូនី ហ្វូស៊ី (Anthony Fauci) ដែលជាអ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក ដើម្បីដឹកនាំគណៈប្រតិភូអាមេរិក នៅឯកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការ WHO ដែលប្រព្រឹត្តិឡើងនៅចុងសប្តាហ៍នេះ។

គួរបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) សហរដ្ឋអាមេរិកបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសជាង ២៤.៤លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ៤០០,០០០នាក់៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។