(កំពង់ស្ពឺ) ៖ កម្លាំងអធិការដ្ឋាននបាលស្រុកថ្ពង បានល្បាតពេលយប់ ក្នុងភូមិសាស្ត្រស្មុគស្មាញ ស្រាប់តែឃើញបុរសម្នាក់ ជិះម៉ូតូម្នាក់ឯង ហើយមានកាំភ្លើងរុំក្រមា ខណ:ដែលនគរបាលហៅសួរនាំ បែរជាបើកម៉ូតូព្យាយាមរត់គេច មិនតែប៉ុណ្ណោះ បានអាម៉េកាំភ្លើង រួចហើយក៏បាញ់ មកលើសមត្ថកិច្ច ចំនួន ៤គ្រាប់។ សំណាងល្អគ្រាប់ មិនផ្ទុះ ហើយត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួនបាន នៅភូមិឡ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
របាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោង ២៣ និង ២៥យប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងអន្តរាគមន៍ស្រុកថ្ពង ដែលដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការដ្ឋាននគរបាលនគរបាលស្រុកថ្ពង ដោយប្រើមធ្យោបាយម៉ូតូច្រើនគ្រឿង បានចុះល្បាតក្នុងភូមិសាស្ត្រ ឃុំយាអង្គ និងឃុំប្រាំបីមុម ពេលមកដល់ចំណុចភូមិឡ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កំលាំងបានឃើញមនុស្សប្រុសម្នាក់ មិនស្គាល់ឈ្មោះ ស្លៀកខោពណ៌ត្រេអ៊ី ពាក់អាវយឺតពណ៌ត្រេអ៊ី ជិះម៉ូតូ ០១គ្រឿង ម៉ាកហុងដា សេ ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HZ-0656 លើផ្លូវលេខ៤៤ បើកបរ ពីទិសខាងលិចទៅទិសខាងកើត ដោយមានដាក់កាំភ្លើងរុំក្រមា បើកបរយ៉ាងលឿន ហើយពេលឃើញកម្លាំងសមត្ថកិច្ច បុរសនោះ បានព្យាយាមរត់គេច។
លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការដ្ឋាននគរបាលនគរបាលស្រុកថ្ពង បានឱ្យដឹងទៀតថា បន្ទាប់ពីមានបទបញ្ជា ណែនាំ ចង្អុលបង្ហាញរបស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកអធិការរងនគរបាលស្រុកថ្ពង បានដេញប្រផាប់ចាប់ប្រភីង រហូតដល់ផ្លូវបំបែក ជនសង្ស័យបានបើកម៉ូតូគេចចូលតាមផ្លូវបេតុង ចូលទៅភូមិព្រៃវែង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ លុះដល់ប្រឡាយទឹក ជនស្ស័យបានឈប់ម៉ូតូ ទាញកាំភ្លើង អាម៉េ បញ្ចូលគ្រាប់ លើកទី១ បាញ់សំដៅមកលើសមត្ថកិច្ច មិនផ្ទុះ រួចអាម៉េបញ្ចូលគ្រាប់ ៤ដង បាញ់សំដៅមកសម្ថកិច្ចដដែលប៉ុន្តែមិនផ្ទុះ រួចបោះកាំភ្លើងនោះ ចោល ហើយជិះម៉ូតូ ត្រឡប់បកមកក្រោយវិញ។ លុះមកដល់ស្ពានទី០៣ ចន្លោះគីឡូម៉ែត្រ១០៨ -១០៩ ទើបកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបុរសនោះបាន។
របាយការណ៍សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ ប៉ុល ស៊ីណាត ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរយាស ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ក្រោយឃាត់ខ្លួនជនសង្ស័យបាន សមត្ថកិច្ចនគរបាលដកហូតវត្ថុតាង រួមមាន÷ ១-ម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1HZ-0656 ២-អាវុធ ១ដើមម៉ាកអាការសេកូ លេខ១៩៧១៦៥៧២៣ និងគ្រាប់ ចំនួន១៧ គ្រាប់។
នាល្ងាចថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០២៣ សមត្ថកិច្ច បានកសាងសុំណុំរឿង បញ្ជូនជនសង្ស័យ ទៅស្នងការនគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការ តាមផ្លូវច្បាប់៕សហការី