ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាមរៀបចំពិធីប្រកាស កម្មវិធីផ្ទះមនុស្សធម៌ ខេត្ត ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា

(កំពង់ចាម) នារសៀលថ្ងៃទី ២១ ខែមករា ឆ្នាំ២០២១ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម មានរៀបចំពិធីប្រកាស កម្មវិធីផ្ទះមនុស្សធម៌ ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា។
និមន្តនិងអញ្ជើញចូលរួម នាឱកាសនោះមាន ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនី មេគណខេត្ត និង ព្រះចៅអធិការ និមន្តមកពី វត្ត នានាក្នុងខេត្ត , លោកជំទាវ ឯកឧត្តម អនុប្រធាន, លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា, ប្រធានកិត្តិយស និងប្រធាន អនុសាខា ក្រុង ស្រុក សរុបចំនួន ៨៩អង្គ/នាក់ ។

កម្មវិធីផ្តល់ផ្ទះមនុស្សធម៌ នេះជាកម្មវិធីថ្មី តែជាសកម្មភាពចាស់ ដែលបានបង្កើតឡើង ស្ថិតក្រោមការដឹកនាំរបស់គណៈកម្មាធិការសាខា សហការ ជាមួយសាលាគណខេត្ត ក្នុងគោលបំណងជួយសាងសង់ និងផ្តល់ផ្ទះជាអំណោយមហាសាល ជូនដល់ទុរគតជន និងជនងាយរងគ្រោះទាំងឡាយណាដែលលំបាកខ្វះខាតហើយត្រូវការជម្រកសម្រាប់ស្នាក់នៅពិតប្រាកដ ដោយមិនរើសអើង មិនប្រកាន់សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។
សូមបញ្ជាក់ថា កម្មវិធីនេះមានក្រុមការងារចំនួន ២ជាសេនាធិការ ដោយ ១ក្រុមជាក្រុមការងារប្រតិបត្តិ និងវាយតម្លៃ ដឹកនាំដោយលោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា មានសមាជិក ៦អង្គ/នាក់ និង ១ក្រុមទៀត ជាក្រុមការងារកៀងគរ និងគ្រប់គ្រងមូលនិធិ ដឹកនាំដោយ ព្រះមេគណខេត្ត មានសមាជិក សមាជិកា ចំនួន ៤៩ អង្គ/នាក់។

ឯកឧត្តម អ៊ុន ចាន់ដា បានចាត់ទុកការស្ម័គ្រព្រះទ័យនិមន្តចូលរួមរបស់ព្រះមេគណខេត្ត ព្រះអនុគណក្រុង ស្រុក និងសហការី ក្នុងកម្មវិធីថ្មី នេះជាការរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ក្នុងការងារផ្តល់ជំនួយសុខុមាលភាពសង្គម ដល់ជនងាយរងគ្រោះបំផុត ដែលនេះគឺ ៊ជាការលើកកំពស់គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌ ស្របតាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា សូមអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន និងអង្គការដៃគូរនានា សូមចូលរួមឧបត្ថម្ភគាំទ្រ ដល់កម្មវិធីផ្តល់ផ្ទះមនុស្សធម៌ខេត្តកំពង់ចាម នេះឲ្យបានច្រើនកុះករ ដើម្បីជួយសង្គ្រោះ និងជួយដោះស្រាយនូវទុក្ខលំបាករបស់ជនក្រីក្រ ងាយរងគ្រោះជាអាទិភាពទាំងឡាយ ដែលខ្វះលទ្ធភាព ហើយត្រូវការលំនៅដ្ឋានស្នាក់នៅបានសមរម្យ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។