ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញអនុសាសន៍ ៥ ចំណុច ដល់កងយោធពលខេមរភូមិន្ទទាំងអស់ ឱ្យអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព

(ភ្នំពេញ) ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដាក់ចេញនូវអនុសាសន៍ចំនួន ៥ចំណុច ដល់កងយោធពលខេមរភូមិន្ទទាំងអស់ អនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា អនុសាសន៍ចំនួន ៥ចំណុច រួមមាន ៖

– ទី១៖ កងទ័ពត្រូវតែមានវិជ្ជាជីវៈខ្ពស់ ដាច់ខាតត្រូវស្មោះត្រង់ ចំពោះជាតិមាតុភូមិនិងប្រជាជន និងយកស្មារតីគោរពឱ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ញត្តិ, សរាចរណែនាំ, លក្ខន្តិកៈកងយោធពលខេមរភូមិន្ទ និងបទដ្ឋានគតិយុត្តនានា, ប្រកាន់ភ្ជាប់នូវប្រពៃណីសេចក្តីថ្លៃថ្នូរ ដើម្បីជាកម្លាំងពិត ក្នុងការការពារជាតិ មាតុភូមិ និងប្រជាជន។
– ទី២៖ គ្រប់អង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតទៅលើការប្រើប្រាស់កម្លាំង ធនធាន និងទ្រព្យសម្បត្តិរបស់អង្គភាពឱ្យបានស្ថិតស្ថេរ និងមានប្រសិទ្ធភាព ដោយប្រើប្រាស់កម្លាំងឱ្យសមស្របទៅនឹងតម្រូវការនិងជំនាញ និងគ្រប់គ្រងថែរក្សាគ្រឿងសព្វាវុធ បរិក្ខាយោធា ព្រមទាំងគ្រឿងឧបភោគបរិភោគជាដើម ឱ្យបានត្រឹមត្រូវ និងបានគង់វង្ស។
– ទី៣៖ គ្រប់អង្គភាពពង្រឹងការហ្វឹកហ្វឺន កសាងប្រភពធនធានមនុស្ស ដើម្បីបម្រើការងារការពារជាតិឱ្យមានប្រសិទ្ធភាព។
– ទី៤៖ បានណែនាំឱ្យគ្រប់អង្គភាពទ័ពទាំងអស់ត្រៀមមធ្យោបាយ និងកម្លាំង ដើម្បីចូលរួមជួយសង្គ្រោះ ពេលមានគ្រោះមហន្តរាយណាមួយកើតឡើង។
– និងទី៥៖ អង្គភាពទ័ពទាំងអស់ត្រូវកសាងសេដ្ឋកិច្ចនៅនឹងកន្លែង ដូចជាការដាំដុះ និងចិញ្ចឹមសត្វជាដើម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។