ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរខួប​អនុស្សាវរីយ៍​លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣​ នេះ សម្តេចមហាបវរធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា​អធិបតីក្នុងពិធីអបអរ​សាទរ​ខួបអនុស្សាវរីយ៍​លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស ដែលមានទីតាំងស្ថិតនៅ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ពិធីនានេះ ក៏មានការអញ្ជើញចូមរួមពី ឯកឧត្តម សមាជិក សមាជិកា នៃរដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ នាយឧត្តមសេនីយ៍ ក្រសួងការពារជាតិ, អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ ឯកឧត្តម លោកជំទាវ ប្រធានក្រុមប្រឹក្សារាជធានី ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ខណ្ឌ អនុព័ន្ធ និងសេនានុព័ន្ធយោធា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកឧកញ៉ា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ជាច្រើនទៀតផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះ បញ្ជាការដ្ឋានទ័ពពិសេស ដែលក្នុងរយៈពេល២៨ ឆ្នាំកន្លងមកនេះ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារជាតិ និងបូរណភាពទឹកដីកម្ពុជា ក្នុងនោះរួមទាំងការចូលរួមចំណែកបោសសម្អាតមីនចេញពីផ្ទៃដីកម្ពុជាផងដែរ។ សម្តេចធិបតីមានប្រសាសន៍បញ្ជាក់ថា សន្ដិភាព និងការបង្រួបបង្រួមជាតិ គឺជាការរកបានដោយលំបាកបំផុត ដែលសមិទ្ធផលទាំងនេះ ក៏បានកើតចេញពីការលះបង់នូវសាច់ស្រស់ឈាមស្រស់ របស់យោធិនជំនាន់មុនរបស់កម្ពុជា។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក៏បានឧទ្ទិសនូវសមិទ្ធផលដែលកម្ពុជាកំពុងទទួលបាននាពេលនេះ ដល់យោធិនដែលបានពលីជីវិតទាំងអស់ក្នុងការការពារជាតិ និងបូរណភាពទឹកដីកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា ការប្រយុទ្ធគ្នាដោយទ្រង់ទ្រាយធំនៅកម្ពុជា នឹងមិនអាចមានបន្តទៀតនោះឡើយ ប៉ុន្តែក៏ត្រូវមានការប្រុងប្រយ័ត្នផងដែរ ចំពោះការគំរាមកំហែង​ចំពោះសន្តិសុខជាតិ ដោយមិនអាចធ្វេសប្រហែស​ បាននោះឡើយ។ រាជរដ្ឋាភិបាលនីកាលទី៧ នឹងផ្តោតសំខាន់លើការធ្វើទំនើបកម្មទ័ពពិសេស រួមទាំងកងទ័ពជើងទឹកផងដែរ ដោយអនុវត្តតាមគោលនយោបាយការពារជាតិរបស់កម្ពុជា។

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការបញ្ជូនកងទ័ពមួកខៀវទៅកាន់ប្រទេសនានា នៅលើពិភពលោក គឺជាសកម្មភាពមនុស្សធម៌សុទ្ធសាធ និងដើម្បីបញ្ជាក់ថា កម្ពុជាស្រឡាញ់នូវសុខសន្តិភាពផងដែរ។ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តសកម្មភាពសហការជាមួយអង្គការសហប្រជាជាតិ បញ្ជូនកងទ័ពកម្ពុជា ដើម្បីចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព។ សម្តេចធិបតីបានក្រើនរំលឹកដល់កងទ័ពទាំងអស់មិនត្រូវធ្វើការធ្វេសប្រហែសនោះឡើយ ចំពោះអំពើភេរវកម្ម បើទោះបីជាបច្ចុប្បន្នកម្ពុជាមិនដែលរងគ្រោះដោយសារការ​គំរាមកំហែង​ពី​ភេរវករ​ក៏ដោយ។

នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍លើកឡើងថា ការធ្វើទំនើបកម្មទ័ពពិសេស គឺផ្ដោតលើការធ្វើទំនើបកម្មចំនួន ៣ យ៉ាង ក្នុងនោះ មានការធ្វើទំនើបកម្មរចនាសម្ព័ន្ធ ការធ្វើទំនើបកម្មហ្វឹកហ្វឺន និងការធ្វើទំនើបកម្មសម្ភារៈ ឬគ្រឿងបំពាក់សម្រាប់យោធា។ សម្តេចធិបតី បានដាក់បទបញ្ជាឱ្យកងទ័ពកម្ពុជា ត្រូវយកចិត្តទុកដាក់បន្ថែមលើការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា ដើម្បីការពារជាតិ និងប្រយុទ្ធប្រឆាំងនឹងក្រុមភារវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះ។សម្តេចក៏បានណែនាំដល់រដ្ឋមន្រ្តីក្រសួងការពារជាតិ និងអគ្គបញ្ជាការ គប្បីពិនិត្យឲ្យបានច្បាស់លាស់ចំពោះការទុកដាក់នូវសម្ភារៈយោធា និងរចនាសម្ព័ន្ធផ្នែកយោធាឲ្យបានត្រឹមត្រូវ មិនត្រូវធ្វើការឆក់កណ្តៀតបន្តទៀតនោះឡើយ។ សម្តេចធិបតី ក៏បានជំរុញឱ្យបង្កើតស្ថាប័នមួយសម្រាប់យោធា ក្នុងការស្រាវជ្រាវយុទ្ធសាស្រ្ដយោធានានា ហើយការធ្វើការស្រាវជ្រាវយុទ្ធសាស្រ្តនេះ ត្រូវធ្វើយ៉ាងណាឱ្យសមស្របទៅនឹងកងទ័ពរបស់កម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បាន ជំរុញឱ្យធ្វើការពង្រឹងដល់សាលានាយទាហាន តាមគោលនយោបាយ ឯករាជ្យ និងប្រទាក់ក្រឡា ដើម្បីដំឡើងកម្រិត និងការបណ្ដុះបណ្ដាលនាយទាហាន និងចំណែកសាកលវិទ្យាល័យការពារជាតិ គួរផ្តោតលើការពង្រឹងយុទ្ធសាស្រ្តស្រាវជ្រាវ និងកិច្ចការងារការពារជាតិ។

មុននឹងបញ្ចប់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់មេដាយ និងគ្រឿងឥស្សរិយយសជូនដល់នាយទាហាន ពលទាហាន តាមអង្គភាពនីមួយៗ ដែលមានស្នាដៃល្អនាពេលកន្លងមក និងអបអរសាទរចំពោះខួបអនុស្សាវរីយ៍លើកទី២៨ នៃការបង្កើតបញ្ជាការដ្ឋានទ័ពពិសេសនាថ្ងៃនេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។