ព័ត៌មានជាតិ

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣

(សៀមរាប) ៖ នាព្រឹកថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅបរិវេណសាលាក្រុងសៀមរាប មានរៀបចំវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣ ជាគោលដៅទី៦ចុងក្រោយ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក សុខ ថុល អភិបាលរង នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ផ្នែកឯកជនដែលពាក់ព័ន្ធ មន្រ្តីថ្នាក់មូលដ្ឋាន តំណាងអង្គការសង្គមស៊ីវិល លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ មកពីក្រុង ស្រុក ចំនួន២ គឺស្រុកពួកនិងក្រុងសៀមរាប ដែលមានចំនួន ៨៧៨នាក់ចូលរួម។

អង្គវេទិកាទាំងមូល ក៏បានលើកឡើងពីទុក្ខកង្វល់របស់បងប្អូនដែលកើតមានឡើងនៅក្នុងមូលដ្ឋានក្រុងស្រុកទាំងពីរ ដោយបានផ្តោតទៅលើបញ្ហា វិវាទដីធ្លី , ប្រព័ន្ធធារាសាស្ត្រ , បញ្ហាអាជ្ញាធរជាតិអប្សរា (លើការជួសជុល ,សាងសង់លំនៅដ្ឋាន បុរាណដ្ឋាន , សុំធ្វើប័ណ្ណកម្មសិទ្ធិ ) បញ្ហាហេដ្ឋារចនាសម្ព័ន្ធ ( ការដាក់ប្រព័ន្ធលូ និង ប្រឡាយ )។​ បន្ទាប់ពីមានការបកស្រាយបំភ្លឺនូវរាលទុក្ខកង្វល់របស់សមាជិកអង្គវេទិកាលើកឡើង របស់បណ្តាមន្ទីរ អង្គភាព ដែលមានការពាក់ព័ន្ធ រួចមក លោក សុខ ថុល អភិបាលរងខេត្តសៀមរាប ក៏បានលើកឡើងពីគោលបំណងនៃអង្គវេទិការនេះ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តទទួលបានតាមរយៈការអនុវត្តនូវសកម្មភាពនានាក្នុងឆ្នាំ២០២៣ ព្រមទាំងសមិទ្ធផលរបស់រដ្ឋបាលក្រុងសៀមរាប និង ស្រុកពួក យកមកធ្វើការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាប្រឈម និង សំណូមពរ សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិចារណាដោះស្រាយ និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ឲ្យកាន់តែល្អប្រសើរឡើង។ ក្នុងនោះដែរលោកអភិបាលរងខេត្ត បានជម្រុញដល់អង្គភាពពាក់ ព័ន្ធ និងក្រុង ស្រុក ឃុំសង្កាត់ ត្រូវពិនិត្យឡើងវិញលើកការងារផែនការ​ ៣ឆ្នាំរំកិល និង ការដេញថ្លែក្នុងការស្ថាបនាលើហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានខ្លួន ឲ្យមានភាពសុក្រិតផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា ក្នុងបរិបទនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាកាលានុវត្តិភាព ដើម្បីផ្តល់ឱកាសឲ្យប្រជាពល រដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់អំពីស្ថានភាពទូទៅ នៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ-សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា ដែលកើតមានរយៈពេលកន្លងមក និង បានផ្តល់ឱកាសផងដែរ ជូនបងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធ បានបញ្ចេញមតិរបស់ខ្លួនអំពីក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន។ ឯកឧត្តម អ៊ាន ឃុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវាគ្មិនតំណាងមន្ទីរ-អង្គភាពនានា ជុំវិញខេត្ត ដែលបានធ្វើការបកស្រាយ បំភ្លឺ ឆ្លើយតបទៅនឹងសំណួរ កង្វល់របស់បងប្អូនប្រជាពលរដ្ឋ ផ្ទាល់មាត់មានចំនួន ១៣សំណួរ សំណូមពរ និង លាយល័ក្ខអក្សរ ចំនួន ២៣សំណួរ សំណូមពរ ដែលពាក់ព័ន្ធ វិវាទដីធ្លី , ប្រព័ន្ធធារាសាស្ត្រ , បញ្ហាអាជ្ញាធរជាតិអប្សរា (លើការជួសជុល ,សាងសង់លំនៅដ្ឋាន បុរាណដ្ឋាន , សុំធ្វើប័ណ្ណកម្មសិទ្ធិ ) បញ្ហាហេដ្ឋារចនាសម្ព័ន្ធ( ការដាក់ប្រព័ន្ធលូ និង ប្រឡាយ )។​

ឯកឧត្តមប្រធានក្រុមប្រឹក្សា ក៏បានបញ្ជាក់ផងដែរថា វេទិកាសាធារណៈនេះ ជាលើកទី៥ នៃអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប នាឱកាសនេះ ពិតជាមានសារៈសំខាន់បំផុត ក្នុងការជួយជម្រុញដល់ការអនុវត្តមុខងារគ្រប់ស្ថាប័នមានការពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន។ ក្នុងនោះការពិនិត្យ និង ដោះស្រាយបញ្ហា សំណួរ-សំណូមពររបស់ប្រជាពលរដ្ឋ នឹងជួយជម្រុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់គុណភាពជីវិត កាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាមូលដ្ឋានភូមិឃុំស្រុក នៃខេត្តសៀមរាបទាំងមូល។​ អង្គវេទិកាសូមរក្សាសិទ្ធិរក្សាទុកសំណួរ និង កង្វល់ ដែលអង្គវេទិកានាពេលនេះ ពុំទាន់អាចបកស្រាយបំភ្លឺបាន ក្រុមប្រឹក្សាខេត្ត នឹងយកសំណួរ និង កង្វល់ទាំងនេះ ទៅពិនិត្យ ពិភាក្សា ក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្តហើយនឹងធ្វើការឆ្លើយតប និង ជម្រាបជូនដំណឹងជាលាយលក្ខ័អក្សរ ដល់ម្ចាស់សំណួរ បងប្អូនប្រជាពលរដ្ឋ តាមកាលវេលាសមគួរ តាមរយៈមេឃុំ ក្រុមប្រឹក្សាឃុំ តាមមូលដ្ឋានដែលបងប្អូនរស់នៅ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។