ព័ត៌មានជាតិ

សមត្ថកិច្ចអាវុធហត្ថចាប់ខ្លួនវេជ្ជបណ្ឌិតម្នាក់បញ្ជូនទៅតុលាការពាក់ព័ន្ធករណីស៊ីដាច់ប្រាក់រត់ការចូលធ្វើគ្រូពេទ្យស្ម័គ្រចិត្តជាង១៤ម៉ឺនដុល្លារ.!

(ភ្នំពេញ) ៖ តាមព័ត៌មានបឋមបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនវេជ្ជបណ្ឌិតម្នាក់បញ្ជូនទៅតុលាការពាក់ព័ន្ធពីបទរំលោភលើទំនុកចិត្ត (ស៊ីដាច់ប្រាក់គេរត់ការចូលក្រមខ័ណ្ឌគ្រូពេទ្យស្ម័គ្រចិត្តជាង១៤ម៉ឺនដុល្លារអាមេរិក) ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា ជនសង្ស័យឈ្មោះ សុខ ប៉ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរវេជ្ជបណ្ឌិ មានទីលំនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបង្ហើបឱ្យដឹងទៀតថា ជនសង្ស័យមានមិត្តភក្តិជិតស្និទ្ធម្នាក់ រាប់អានគ្នាតាំងពីឆ្នាំ១៩៩០ លុះមកដល់ដំណាក់កាលផ្ទុះជំងឺរាតត្បាតកូវីដ-១៩ មិត្តភក្តិនោះក៏បានពឹងពាក់ជនសង្ស័យឱ្យជួយរត់ការកូនក្មួយ៤នាក់ចូលបម្រើការងារជាគ្រូពេទ្យស្ម័គ្រចិត្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅមន្ទីរពេទ្យព្រះកុសុមៈ២នាក់ មណ្ឌលសុខភាពជើងគោក២នាក់ និងនៅមណ្ឌលស្ម័គ្រចិត្តពិជ័យសេនា ទៀ បាញ់ ចំនួន២១នាក់ ។

ការពឹងពាក់ខាងលើនេះដើមបណ្តឹងបានប្រគល់ប្រាក់ឱ្យទៅជនសង្ស័យតាមដំណាក់កាលក្នុងម្នាក់ចាប់ពី៣៥០០ ដល់ទៅ ៨ ០០០ ដុល្លារ សរុបទាំងអស់ចំនួន ១៤១ ៧០០ ដុល្លារអាមេរិក ។ ក្រោយពេលប្រគល់និងទទួលប្រាក់ជាបន្តបន្ទាប់រួចហើយ ជនសង្ស័យមិនបានគោរពតាមកិច្ចសន្យាឬដែលហៅថាការពឹងពាក់នោះទេ ខណៈដែលម្ចាស់លុយសួរនាំជនសង្ស័យចេះតែឆ្លើយដោះសាររហូត ។

ការសន្យាឬការពឹងពាក់នោះបានក្លាយជាការសន្យាខ្យល់ ដូច្នោះដើមបណ្តឹងក៏បានតាមទារប្រាក់មកវិញ ប៉ុន្តែជនសង្ស័យចេះតែឆ្លើយដាក់អ្នកនេះអ្នកនោះ ថែមទាំងបិទទូរស័ព្ទគេចវេះទៀតផង ។ ដោយមើលឃើញទង្វើដែលលែងឱ្យជឿទុកចិត្ត ម្ចាស់ប្រាក់បានដាក់ពាក្យបណ្តឹងទៅសមត្តកិច្ចឱ្យជួយចាត់ការតាមផ្លូវច្បាប់ ។

ចំណែកជនសង្ស័យបានបដិសេធចំពោះការចោទប្រកាន់នេះ ដោយអះអាងថា ខ្លួនមិនបាននៅជំពាក់លុយថ្លៃរត់ការទេ ។ តែទោះជាយ៉ាងណាក្តីសំណុំរឿងខាងលើ កំពុងស្ថិតនៅដំណាក់កាលស្ថា ប័នអយ្យការបើកការស៊ើបសួរ លទ្ធផលចុងក្រោយយ៉ាងណានោះគង់តែដឹង ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។