ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាប បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់​ ស្ដីពីសំណង់ និង បទប្បញ្ញត្តិពាក់ព័ន្ធ

(សៀមរាប) ៖ នាព្រឹកថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តសៀមរាប មានបើកអង្គសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្ដីពីសំណង់ និង បទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យសំណង់ ក្រោមអធិបតីភាពឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង លោក សុខ ថុល អភិបាលរងខេត្ត​ តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវជាអនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និង អស់លោកលោកស្រី ជាអភិបាលរងខេត្ត ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត អាជ្ញាធរក្រុង ស្រុក និង មន្ត្រីភូមិបាលក្រុង ស្រុកមកពីខេត្តសៀមរាប,កំពង់ធំ ,ឧត្តរមានជ័យ និង ខេត្តព្រះវិហារ និងក្រុមហ៊ុនសំណង់ ប្រមាណជា ២០០នាក់ចូលរួម ជាសិក្ខកាម ក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្ដីពីសំណង់ និង បទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យសំណង់ ។

ក្នុងកិច្ចស្វាគមន៍របស់លោក សុខ ថុល អភិបាលរងខេត្ត បានលើកពីគោលបំណងនៃអង្គសិក្ខាសាលា ក្នុងការពង្រឹង ពង្រីកសមត្ថភាព និងចំណេះដឹងដល់មន្ត្រីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ជាក់ស្ដែង សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យ សំណង់ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ អំពីវឌ្ឍនភាពក្នុងវិស័យសំណង់ ដែលកំពុងវឹកដុះដាល នៅទូទាំងព្រះរាជាណាចក្រកម្ពុជាយើងនេះ។ លោកក៏បានគូសបញ្ជាក់ថា ខេត្តសៀមរាបជាខេត្តមាន ការពាក់ព័ន្ធទៅនឹងសំណង់ប្រវត្តិសាស្ត្រជាច្រើន នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាសំណង់កំណត់ទៅដោុច្បាប់ លិខិត បទដ្ឋានមួយចំនួន ទៅដោយតំបន់បេតិកភណ្ឌពិភពលោក គ្រប់ដណ្តប់ទៅដោយសមត្ថកិច្ចអាជ្ញាធរជាតិអប្សរា ក្នុងការកំណត់ចេញច្បាប់សាងសង់។ ខេត្តសៀមរាបត្រូវបានកំណត់ដោយព្រះរាជក្រឹត្យលេខ០០១ ក្នុងឆ្នាំ១៩៩៤ ដោយកំណត់ ខេត្តសៀមរាបជា៥តំបន់ ទី១.ជាតំបន់រមណីយដ្ឋានដែលមានប្រាសាទ ,ទី២.តំបន់ឧទ្យានបុរាណដែលត្រូវការពារ ,ទី៣.តំបន់ទេសភាពវប្បធម៌ត្រូវការពារ ,ទី៤.ចំណុចដែលមានលក្ខណៈសំខាន់ផ្នែកបុរាណវិទ្យា ,វីរៈវិទ្យា និង ប្រវត្តិវិទ្យា និង ទី៥ បរិវេណអភិវឌ្ឍសង្គម សេដ្ឋកិច្ច វប្បធម៌ នៃតំបន់សៀមរាប.អង្គរ ។ លោកបានគូសបញ្ជាក់ថា តំបន់ ទាំង៥នេះ មានការកំណត់និតិវិធីមួយ ដែលជាកាតព្វកិច្ច ត្រូវកំណត់នៅក្នុងព្រះរាជក្រឹត្យ ក្នុងការដាក់បញ្ចូលបញ្ជីសម្បត្តិ បេតិកភណ្ឌពិភពលោក ក្នុងឆ្នាំ១៩៩២ ស្ថិតនៅក្នុងដែនសមត្ថកិច្ចអនុវត្ត របស់រដ្ឋបាលនៅថ្នាក់ក្រោមជាតិ ។

មានប្រសាសន៍នោះដែរឯកឧត្តម ឡៅ ទិព្វសីហា បានលើកឡើងថា អង្គសិក្ខាសាលាថ្ងៃនេះ ក្នុងការពង្រីក ពង្រឹងនូវសមត្ថភាព គុណភាពដល់អស់លោក លោកស្រី ដែលជាកម្រិតថ្នាក់ដឹកនាំ, អាជ្ញាធរមានសមត្ថកិច្ច មន្ត្រីជំនាញ អ្នកប្រកអាជីវកម្មសិក្សាគម្រោងប្លង់សាងសង់ អ្នកអភិវឌ្ឍអចលវត្ថុ ម្ចាស់សំណង់ និងអ្នកពាក់ព័ន្ធទាំងអស់ គឺដើម្បីបានយល់ដឹងអំពីវិធាន បែបបទ និតិវិធីនៃការអនុវត្ត ក៏ដូចជាការពង្រីកបន្ថែមនូវចំណេះនិងជំនាញបច្ចេកទេស ជាពិសេសពាក់ពន្ធ័នឹងច្បាប់ បទប្បញត្តិបច្ចេកទេស និងយន្តការថ្មីៗ សម្រាប់ពង្រឹងសមត្ថភាពនៃការ គ្រប់គ្រងសំណង់របស់អាជ្ញាធរមានសមត្ថកិច្ច ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ក៏ដូចជាការចូលរួមអនុវត្តឲ្យកាន់តែល្អប្រសើរឡើងពីផ្នែកវិស័យសំណង់ ។ ក្នុងនោះដែរឯកឧត្តមក៏ បានគូសបញ្ជាក់ថា ការអនុវត្តគ្រប់គ្រងវិស័យសំណង់ និង បែបបទនិតិវិធីក្នុងការស្នើសុំអជ្ញាប័ណ្ណត្រួតពិនិត្យរោងចក្រសំណង់ និង ការស្នើសុំវិញ្ញាប័ណ្ណបត្រការប្រើប្រាស់សំណង់ ,ការគ្រប់គ្រង់សំណង់ដែលមានសភាពគ្រោះថ្នាក់ ដើមី្បធ្វើការ បកស្រាយ ។ ឯកឧត្តម ក៏បានលើកឡើងថា អង្គសិក្ខាសាលានេះ ជាការចែករំលែកនូវចំណេះដឹង និង បទ ពិសោធន៍ការងារគ្រប់គ្រងសំណង់ ជូនដល់ថ្នាក់ដឹកនាំ និង មន្ត្រីមានសមត្ថកិច្ចដែលជាតួអង្គ ក្នុងការគ្រប់គ្រងវិស័យ សំណង់ ,អំពីបទប្បញ្ញតិស្តីពីបច្ចេកទេសសំណង់ និង គ្រប់គ្រងវិជ្ជាជីវៈក្នុងវិស័យសំណង់ ,ការប្របវិជ្ជាជីវៈសំណង់ អាជីវកម្ម វិស័យសំណង់ , ការប្រើប្រាស់សម្ភារៈ បរិស្ថាន លទ្ធផលសំណង់ និង ការផ្តល់លិខិតអនុញ្ញាតិសាងសង់ ជួសជុល រុះរើ និង គ្រប់គ្រងគំរូប្លង់ ការប្រើប្រាស់សំណង់មានសភាពគ្រោះថ្នាក់ ។

ឯកឧត្តម ក៏បានលើកនូវវិធានការក្នុងទប់ស្កាត់ រាល់សំណង់គ្មានលិខិតអនុញ្ញាត និង ខុសពីលិខិតអនុញ្ញាត ។ ម៉្យាងទៀតក៏ត្រូវធ្វើអធិការកិច្ចលើសំណង់ ការធានារ៉ាប់រង ទទួលខុសត្រូវពីអ្នកការដ្ឋាន និងអ្នកពាក់ព័ន្ធសំណង់ ក្នុងការដោះស្រាយវិវាទក្នុងវិស័យសំណង់ ដោយមានការដាក់ទណ្ឌកម្ម ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ពង្រឹងសមត្ថភាព គុណភាពមន្ត្រីជំនាញ មានសមត្ថកិច្ច ដើមី្បឆ្លើយតប ការរីកចម្រើនផ្នែកទំនើបកម្មសំណង់នៅកម្ពុជា និង ធ្វើសមាហរណកម្ម ការប្រកបវិជ្ជាជីវៈ អាជីវកម្មក្នុងវិស័យសំណង់ជា មួយបណ្តាប្រទេសនៅក្នុងតំបន់ និង លើកពិភពលោក ។ ក្នុងនោះដែរឯកឧត្តមក៏បានសុំឲ្យសិក្ខាកាមទាំងអស់ ផ្តោតទៅលើ គន្លះសំខាន់ៗមួយចំនួន ដែលជាមូលដ្ឋានគ្រឹះ ក្នុងការកសាងផែនការ និង លិខិតបទដ្ឋានគត្តិយុត្ត បទប្បញ្ញតបច្ចេកទេស ក្នុងការគ្រប់គ្រងវិស័យសំណង់ ប្រកបដោយប្រសិទ្ធភាព និង រហ័សទាន់ពេលវេលា និង មានតម្លាភាព ។ ម៉្យាងទៀត ក៏សូមឲ្យសមាជិកសមាជិកានៃអង្គសិក្ខាសាលាយកចិត្តទុកដាក់ស្តាប់ និងក្រេបយកចំណេះដឹងថ្មីៗ និងលើកជាសំណួរ ករណីមានចម្ងល់ ឬភាពមិនច្បាស់លាស់ណាមួយពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្ដីពីសំណង់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ទៅវិស័យសំណង់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។