ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាល និងនាំយករង្វាន់លើកទឹកចិត្ត ផ្តល់ជូនដល់សិស្សនិទ្ទេសA ទូទាំងក្រុងកំពង់ចាម

(កំពង់ចាម) ៖ នៅរសៀលថ្ងៃ ទី១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្តល់កុំព្យូទ័រយួរដៃ និងថវិកាមួយចំនួន ដល់សិស្សប្រលងជាប់និទ្ទេសA ចំនួន ២៦នាក់ នៅក្រុងកំពង់ចាម ដែលជាអំណោយលើកទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាលើកទឹកចិត្ត ដល់ក្មួយៗ សិស្សានុសិស្ស ដែលបានខិតខំរៀនសូត រហូតទទួលបាននិទ្ទេសល្អ ដែលពិធីនេះត្រូវបានធ្វើ ឡើង​នារសៀលថ្ងៃទី​១​ ខែធ្នូ​ ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ចាម ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានថ្លែងថា នេះជាការទឹកចិត្ត របស់សម្តេច នាយករដ្ឋមន្ត្រី តាមរយៈឯកឧត្តមផ្ទាល់ ដើម្បីឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងសិក្សារបស់ក្មួយៗ ក្នុងរយៈពេល១២ឆ្នាំកន្លងមក ជាពិសេសនៅពេលខាងមុខនេះ ក្មួយៗ អាច​នឹងទទួលបានការអនុញ្ញាតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ឱ្យ​ចូលជួបសំណេះសំណាលទៀតផង នេះជាកិត្តិយស សម្រាប់ខ្លួនឯង និងមាតា បិតា ឬអាណាព្យាបាល ក៏ដូចជា លោកគ្រូ អ្នកគ្រូ ឬនាយក សាលា និងជាកិត្តិយស សម្រាប់ខេត្តកំពង់ចាម ផងដែរ ។

ឯកឧត្តមអភិបាលខេត្ត លើកឡើងថា ទាំងអស់នេះ គឺជាលទ្ធផលជោគជ័យមួយផ្នែក របស់ក្មួយៗ នៅកម្រិតចំណេះដឹងទូទៅ ក៏ប៉ុន្តែ ចំពោះមុខ យើងត្រូវគិតគូអំពីអនាគត ជាពិសេស ត្រូវបន្តកា រសិក្សា លើមុខជំនាញ ក្នុងក្របខ័ណ្ឌបច្ចេកទេស ដើម្បី ចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារ តាមរយៈ ការប្រលងប្រជែង នៅកម្រិតឧត្តមសិក្សា ទៅតាមការសម្រេចចិត្ត និងទេពកោសល របស់ខ្លួនឯង ពោលគឺ ទៅតាមសមត្ថភាព ដែលខ្លួនឯងមានពិតប្រាកដ ។ លើសពីនោះ នៅពេល ដែលក្មួយៗ បានបន្តនៅកម្រិតឧត្តមសិក្សាហើយ សូមក្មួយៗខិតខំព្យាយាមរៀនសូត្រ ឱ្យ​បានពូែក ធ្វើយ៉ាងណា ឱ្យ​ក្លាយទៅជាបុគ្គលដែលមានសមត្ថភាព ដើម្បីយកចំណេះដឹងដោយមានគុណធម៌ មកបម្រើជាប្រយោជន៍ដល់សង្គមជាតិ ក៏ដូចជាភាពរីកចំរើន ដល់ក្រុមគ្រួសារ ទន្ទឹមនោះ នៅពេលដែលក្មួយៗ មានចំណេះដឹងហើយ សូមវិលត្រឡប់ មកខេត្តកំពង់ចាមវិញ ដើម្បីរួមគ្នា កសាងអភិវឌ្ឍ ខេត្តរបស់យើង ឱ្យ​កាន់តែមានការរីកចម្រើនតទៅមុខទៀត ។

បើតាមលោក លី ម៉េងសាន ប្រធានមន្ទីរ អប់រំយុវជន និងកីឡា ខេត្តកំពង់ចាម បានឱ្យដឹងថា​ លទ្ធផលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលងថ្ងៃទី៦ ខែវិច្ឆិកា​ ឆ្នាំ​២០២៣ នៅទូទាំង ខេត្តកំពង់ចាម មានបេក្ខជនមកប្រលងចំនួន ៨.៦៦២នាក់ បេក្ខជនប្រលងជាប់ចំនួន ៦.២៧២នាក់ ស្មើនឹង ៧២,៤១% ក្នុងនោះសិស្សប្រឡងជាប់និទ្ទេស A មានចំនួន ១០៣នាក់ គឺ​ជាប់ចំណាត់ថ្នាក់លេខ ៤ ខណៈបេក្ខជនប្រលង ជាប់និទ្ទេស A នៅទូទាំងប្រទេស មានចំនួន ១​ ៦៧៣នាក់ ។

គួរបញ្ជាក់ថា រង្វាន់លើកទឹកចិត្តដែលឯកឧត្តមអភិបាលខេត្ត បានផ្តល់ជូនសិស្សប្រឡងជាប់និទ្ទេស A នៅក្រុងកំពង់ចាមទាំង ២៦នាក់ ក្នុងម្នាក់ៗ ទទួលបាន កុំព្យូទ័រយួរដៃ (latop) ១ គ្រឿង​ និង​ថវិកា ចំនួន ១លានរៀល​ ​ផងដែរ​ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។