ព័ត៌មានជាតិ

រដ្ធមន្ដ្រី វេង សាខុន និងមន្ដ្រីជំនាញអញ្ជើញមកពិនិត្យត្រី របស់ លោក ផាន់ ភិរម្យ សិ្ថតនៅភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ

(កំពង់ចាម) នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយដោយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល បន្ទុកជាប្រធានរដ្ឋបាលជលផល លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា និងមន្រ្តីជំនាញបានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីរបស់លោក ផាន់ ភិរម្យ ស្ថិតនៅភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។

លោក ភិរម្យ (លេខទំនាក់ទំនង ០១២ ៣៤៤ ៣៩៩ ) បានឲ្យដឹងថាកសិដ្ឋានចិញ្ចឹមត្រីនេះបានដំណើរការជាង ៥ឆ្នាំហើយ បច្ចុប្បន្នកសិដ្ឋានមានស្រះចិញ្ចឹមត្រីប្រាចំនួន ៨ស្រះ ទំហំចាប់ពី ៦ ០០០-១០ ០០០ម៉ែត្រការ៉េ លើផ្ទៃដី ៦ហ.ត សមត្ថភាពផលិតត្រីប្រាបាន ៧ ០០០តោន/ឆ្នាំ។ ម្ចាស់កសិដ្ឋានបានឲ្យដឹងថាកសិដ្ឋានកំពុងជីកស្រះចិញ្ចឹមត្រីពោ និងត្រីប្រាពង្រីកបន្ថែម ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារ។

ពិនិត្យឃើញទិដ្ឋភាពជារួម និងសកម្មភាពចិញ្ចឹម (ផ្តល់ចំណី) របស់កសិដ្ឋានរួចមក ឯកឧត្ដមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោក ភិរម្យ ប្រកាន់ យករបរចិញ្ចឹមត្រីពោ ត្រីប្រា និងត្រីឆ្តោ ដើម្បីចូលរួមចំណែកបំពេញសេចក្តីត្រូវការទីផ្សារក្នុងស្រុក ដែលចេះតែមានការកើនឡើងជាលំដាប់។ បច្ចុប្បន្ន តម្លៃត្រីគ្រប់ប្រភេទមានការកើនឡើងល្អប្រសើរ ដោយសារក្រសួងបានចាត់វិធានការផ្អាកការនាំចូលប្រភេទត្រីមួយចំនួនដែលប្រជាកសិករអាចចិញ្ចឹមបាន ហើយបាននិងកំពុងប្រមូលចាប់ត្រីយកទៅផ្គត់ផ្គង់ឲ្យទីផ្សារ។ ឆ្លៀតយកឱកាសនេះ ចេញពីកសិដ្ឋានលោក ភិរម្យ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវ គាំទ្រ និងលើកទឹកចិត្តឱ្យវារីវប្បករកម្ពុជាត្រូវបន្តរក្សា និងខិតខំពង្រឹង ពង្រីកមុខរបរនេះបន្ថែមទាន់ឱកាសមាសមកដល់ ដោយត្រូវសហការជាមួយរដ្ឋបាលជលផលអនុវត្តបច្ចេកទេសឲ្យបានត្រឹមត្រូវ ចងក្រងបណ្តុំផលិត ចូលជាសមាជិកសមាគមវារីវប្បករកម្ពុជា បើអាចរៀបចំកន្លែងប្រមូលទិញ និងលក់ចែក ចាយត្រី និងផលត្រីរបស់សមាជិក ធ្វើយ៉ាងនេះដើម្បីទទួលបានព័ត៌មានទីផ្សារ បរិមាណផ្គត់ផ្គង់ និងតម្រូវការទីផ្សារ និងឈានទៅបង្កើតកន្លែងកែច្នៃផលត្រី ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារ និងជាពិសេសកាត់ បន្ថយហានីភ័យដោយសារបរិមាណផលិតលើសពីតម្រូវការ។ ករណីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនបន្ថែមថា ក្រសួងដែលមានរដ្ឋបាលជលផលជាសេនាធិការនឹងនៅរង់ចាំផ្តល់កិច្ចសហការទាំងបច្ចេកទេស និងច្បាប់ដើម្បីទទួលបានប្រយោជន៍រួមគឺនិរន្តរភាពនៃការផ្គត់ផ្គង់សមស្របតាមតម្រូវការ និងឈានទៅធ្វើការនាំចេញស្របតាមស្តង់ដាទីផ្សារបញ្ជា ទិញនាពេលអនាគត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។