ព័ត៌មានជាតិ

រកឃើញគ្រាប់យុទ្ធភណ្ឌជាង ០៦តោន ចេញពី​ខ្មោច​នាវាចម្បាំង​ ដែលលិចនៅក្នុងទន្លេ​មេគង្គ​ ខេត្តកំពង់ចាម ប្រមាណជាង ៥០ឆ្នាំមុន (វីដេអូ)

(កំពង់ចាម) ក្រោយពីទទួលបានរបាយការណ៍ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រាយការណ៍ថាមានខ្មោចនាវាច្បាំងបន្សល់ទុកពីសម័យសាធារណរដ្ឋ​ខ្មែរ​ ឆ្នាំ​១៩៧០-១៩៧៥​ ដែល​គេ​រកឃើញ​នៅក្នុង​ទឹក​ទន្លេមេគង្គ​ ស្ថិត​ក្នុង​ភូមិវាល​ ឃុំមានជ័យ​ ស្រុក​ស្រីសន្ធរ​ ខេត្ត​កំពង់ចាម​
នោះ ក្រុមការងារកងកម្លាំងបោសសំអាតគ្រាប់​យុទ្ធភ័ណ​មិន​ទាន់​ផ្ទុះ​ដែលមាន ឯកឧត្តម នាង ផាត ជាប្រធាន បានបន្តរកឃើញគ្រប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបជាង ០៦តោន។

លោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) បាន​ឲ្យដឹង​ថា គ្រាប់យុទ្ធភណ្ឌដែលកម្លាំងជំនាញប្រមូលបានជាង ៦តោននេះ រួមមាន​ គ្រាប់ត្បាល់ ៨១មីលីម៉ែត្រ គ្រាប់ត្បាល់៦០មីលីម៉ែត្រ និងគ្រាប់កាំភ្លើងយន្ត ១២,៧មីលីម៉ែត្រ។ ក្រៅពីនោះកម្លាំងជំនាញក៏បាន​រកឃើញ​វត្ថុតាង​រួមមាន​ មួកដែក កាំបិតកងទ័ព ស្លាកឈ្មោះរបស់ទាហាន លន់ ណុល ផងដែរ​ ។

ជាមួយ​គ្នា​នោះ​ លោកឧត្តមសេនីយ៍ទោ ម៉ី សុភា ក៏​បានលើកឡើងអំពីបញ្ហា និងឧបសគ្គមួយចំនួន ដែលតម្រូវ​ឲ្យ​ក្រុមការងារជំនាញសិក្សាបន្ថែម ព្រោះមានគល់ឈើ គល់ឬស្សី ព្រមទាំងសំណល់ឧបករណ៍នេសាទចាស់ៗជាច្រើន​ បានដាច់ហើយមកតោងជាប់នឹងនាវា ដែលជាហេតុធ្វើ​ឲ្យ​មានការលំបាក​ ក្នុងការប្រមូលកាក់សំណល់សង្គ្រា​ម​ ​គ្រាប់​យុទ្ធភ័ណ​មិន​ទាន់​ផ្ទុះចេញពី​ខ្មោច​នាវាចម្បាំងនោះ តែទោះជា​យ៉ាងណា​រហូត​មកដល់ពេលនេះ​ គឺកម្លាំងជំនាញបាន​និងកំពុងប្រតិបត្តិការ​លេី​ការងារ​នេះ​យ៉ាងក្តៅគគុក​ ដោយបានបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមផ្ទៃទឹកជុំវិញទីតាំងនាវាលិចនេះ មានទំហំ១,០០០ម៉ែត្រ គុណ ១,៥០០ម៉ែត្រ នៅតាមបណ្តោយដងទន្លេ ប្រមាណជា១៥០ហិកតា​៕។ Vdo. ចៅ វង្ស

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។