ព័ត៌មានជាតិ

ក្នុងពិធីសម្ពោធអគារសិក្សា១ខ្នង ៦បន្ទប់ និងទីចាត់ការ១ខ្នង នៅអនុវិទ្យាល័យមាឃបី ភូមិមាឃបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ខ្លូត ចិន្ដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធអគារសិក្សា១ខ្នង ៦បន្ទប់ និងទីចាត់ការ១ខ្នង នៅអនុវិទ្យាល័យមាឃបី ភូមិមាឃបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។

គួរបញ្ជាក់ថាអនុវិទ្យាល័យនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដែលមានអគារតែមួយខ្នង ចំនួន៦ បន្ទប់ និងមិនមានទីចាត់ការសម្រាប់លោកគ្រូ អ្នកគ្រូឡើយ ហើយមានការខ្វះខាតបន្ទប់សិក្សា ខណៈសិស្សានុសិស្សមានការកើនឡើងជារៀងរាល់ឆ្នាំ។ ដោយមើលឃើញពីការលំបាកនេះ រូបខ្ញុំនិងភរិយា​ ក្រុមការងារ និងសប្បុរជន បានរួមគ្នាចូលរួមចំណែកកសាងអគារសិក្សាមួយខ្នងបន្ថែមទៀត មានចំនួន ៦បន្ទប់ និងទីចាត់ការថ្មី ១ខ្នងសម្រាប់លោកគ្រូ អ្នកគ្រូ។ សមិទ្ធផលទាំងនេះ នឹងចូលរួមចំណែកបន្ថែមទៀតក្នុងការអភិវឌ្ឍវិស័យអប់រំ កសាងធនធានមនុស្សជូនជាតិមាតុភូមិ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងថា កម្មវិធីនាថ្ងៃនេះ មិនអាចសម្រេចទៅបានឡើយ ប្រសិនបើប្រទេសជាតិគ្មានសុខសន្តិភាព និងការគាំទ្រជ្រោមជ្រែងពីសំណាក់ប្រជាជនគ្រប់មជ្ឈដ្ឋាន ចំពោះរាជរដ្ឋាភិបាល។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សូមថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានស្វះស្វែងគ្រប់មធ្យោបាយ ផ្តល់ចំណេះដឹង អប់រំទូន្មាន ដល់កុមារ និងយុវជន ក្នុងមូលដ្ឋាន ឱ្យមានសីលធម៌ ចំណេះដឹង សីលធម៌​ និងគុណធម៌។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគ្រប់ជាន់ថ្នាក់ អាជ្ញាធរ និងសមត្ថកិច្ច ក្នុងស្រុកស្ទឹងត្រង់ ដែលបានលះបង់គ្រប់បែបយ៉ាង បម្រើប្រជាពលរដ្ឋ យ៉ាងស្មោះស័្មគ្រ ប្រកបដោយប្រសិទ្ធភាព​ ភាពទន់ភ្លន់ និងបានទាន់ពេលវេលា។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *