(កំពង់ចាម) ៖ ដើម្បីរក្សាបាននូវវប្បធម៌ប្រពៃណីសាសនាដ៏ល្អផូរផង់ នៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យបានគង់វង្ស រុងរឿងស្ថិតស្ថេរ គ្រប់៥.០០០ព្រះវស្សា នៅរាត្រីថ្ងៃពុធ ១៥កើត ពេញបូណ៌មី ខែមាឃ ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេាះ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ចើញចូលរួមប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្តនគបាលជ័យ ស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម។ ពិធីដ៏អធិកអធមនេះ ក៏មានការអញ្ជើញចូលរួមពីលោកជំទាវអ្នកតំណាងរាស្រ្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងលោកតា លោកយាយ បងប្អូនប្រជាពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករ។
សូមបញ្ជាក់ថា “បុណ្យមាឃបូជា” ប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។
ប្រយោជន៍នៃថ្ងៃមាឃបូជាគឺ៖
១៖ ពុទ្ធសាសនិកជនបានយល់ដឹងយ៉ាងត្រឹមត្រូវ ដល់សារៈសំខាន់នៃថ្ងៃមាឃបូជានេះ។
២៖ យល់ដឹងគោលធម៌ និងគោលជំហររបស់ព្រះពុទ្ធសាសនា។
៣៖ បណ្តុះសទ្ធាជ្រះថ្លាកាន់តែភិយ្យោភាពឡើង ក្នុងគោលធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។
៤៖ បានបដិបត្តិតួនាទីរបស់ពុទ្ធសាសនិកជន ក្នុងថ្ងៃមាឃបូជានេះ។
៥៖ បានជួយជ្រោមជ្រែងព្រះពុទ្ធសាសនា ឲ្យស្ថិតស្ថេរចេរកាលយូរអង្វែង៕
#សូមអនុមោទនាបុណ្យ🙏🙏🙏
——————–
រូបភាព: ក្រុមការងារលោកស្រី សំ ផល្លា
អត្ថបទ: Choun Rothnavong