(កំពង់ចាម) ៖ ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមអ្នកបង្កើតមាតិកា ប្រចាំខេត្តកំពង់ចាម នៅមន្ទីរទេសចរណ៍ខេត្តកំពង់ចាម នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងថា ដើម្បីជាមូលដ្ឋានក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តកំពង់ចាម ឲ្យស្របទៅនឹង ទស្សនទាន ដែលក្រសួងទេសចរណ៍បានដាក់ចេញ តាមរយៈកិច្ចពិភាក្សាក្នុងអង្គសន្និបាត ដែលដឹកនាំដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កន្លងទៅថ្មីៗនេះ យើងអាចទទួលបាននូវធាតុចូលថ្មីៗបន្ថែមទៀត ទាំងលើទិដ្ឋភាព បរិមាណ និងគុណភាព ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដោយផ្តោតសំខាន់លើប្រធាន បទ៖
(១) វឌ្ឍនភាពនៃការគ្រប់គ្រង និងការសម្រួលការធ្វើដំណើរទេសចរណ៍,
(២)ការគ្រប់គ្រង កិត្តិនាមខេត្ត និងយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរមកខេត្តកំពង់ចាម,
(៣) ការគ្រប់គ្រង និងពង្រឹង គុណភាពឧស្សាហកម្មទេសចរណ៍ក្នុងខេត្ត,
(៤)ស្ថានភាពទេសចរតាមកញ្ចប់ទស្សនកិច្ច។
ឯកឧត្ដមអភិបាលខេត្ត បានបន្តថា ក្នុងន័យនេះផ្អែកតាម «អភិក្រមនៃជវភាពប្រព័ន្ធតួអង្គតែមួយ» និងដើម្បីភាពជោគជ័យក្នុងការសម្រេច ចក្ខុវិស័យខាងលើ ក្រសួងទេសចរណ៍បានដាក់ចេញនូវសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការចំនួន ៦ ដែលត្រូវការ ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន៖ (១)-កិច្ចសហប្រតិបត្តិការនៅថ្នាក់ជាតិ ជាមួយអន្តរក្រសួង ស្ថាប័ន (២)-កិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសគណៈអភិបាលរាជធានី ខេត្ត (៣)-កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនទាំងក្នុងស្រុក និងក្រៅស្រុក (៤)-កិច្ចសហប្រតិបត្តិការជាមួយស្ថានឯកអគ្គរដ្ឋទូត/ស្ថានឯកអគ្គរាជទូតបរទេសប្រចាំនៅកម្ពុជា, ដៃគូអភិវឌ្ឍ, ស្ថានឯកអគ្គរាជទូតកម្ពុជា/ស្ថានកុងស៊ុលកម្ពុជានៅបរទេស, កិច្ចសហប្រតិបត្តិការអន្តរជាតិកម្រិតទ្វេភាគី ពហុភាគី អនុតំបន់ តំបន់ (អាស៊ាន) និងពិភពលោក (៥)-កិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន និងអ្នកផលិតមាតិកាព័ត៌មាន, និង(៦)-ការចូលរួមពីបុគ្គលម្នាក់ៗ ដែលជាកោសិកាទ្រទ្រង់ និងទទួលផលប្រយោជន៍ពីវិស័យ ទេសចរណ៍ ៕