(កំពង់ចាម) ៖ នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស និងក្រុមការងារគណបក្សប្រចាំត្រីមាសទី១ និងប្រចាំខែមេសា ឆ្នាំ២០២៥ និងទិសដៅភារកិច្ចបន្ត ស្ថិតនៅមន្ទីរគណបក្សខេត្តកំពង់ចាម ដើម្បីឆ្លងរបាយការណ៍ ការប្រជុំពិភាក្សា ពិនិត្យរៀបចំបន្ថែមអង្គការចាត់តាំងបក្ស និងការងារចំបាច់ចំពោះមុខ។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ខ្លូត ផន អនុប្រធានប្រចាំការបក្សខេត្ត ឯកឧត្តម កៅ សុខអាន អនុប្រធានបក្សខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ ឯកឧត្តម លោក លោកស្រី សមាជិកគណៈកម្មាធិការបក្សខេត្ត លោកប្រធាន អនុប្រធានគណៈកម្មាធិការបក្សក្រុង/ស្រុក រួមនិងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត។
កិច្ចប្រជុំបានអនុវត្តតាមគោលការណ៍ដ៏ត្រឹមត្រូវរបស់គណបក្ស គឺ សមូហភាពដឹកនាំ និងបុគ្គលទទួលខុសត្រូវ ដែលជាមូលដ្ឋានគ្រឹះ នៃភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស៕