ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំកិច្ចសហប្រតិបត្តិការលើកទី២៣ នឹង «កិច្ចប្រជុំត្រៀម និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ ASEAN Cooperation on Civil Service Matters (ACCSM)» រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩-២០ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ នៃក្រសួងមុខងារសាធារណៈ នៃបណ្តាប្រទេសអាស៊ាន រួមទាំងប្រតិភូ នៃអគ្គលេខាធិការអាស៊ានចូលរួម ១១ប្រទេស។
កិច្ចប្រជុំនឹងប្រព្រឹត្តទៅក្រោមមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» ដោយមានសមាសភាពចូលរួមជាមន្ត្រីជាន់ខ្ពស់ដែលពាក់ព័ន្ធកិច្ចការមុខងារសាធារណៈ នៃបណ្តាប្រទេសអាស៊ាន និងប្រទេស ដែលជាដៃគូសន្ទនា។
នៅក្នុងឆ្នាំ២០០៥ ស្ថាប័នមុខងារសាធារណៈ នៃប្រទេសកម្ពុជា ធ្លាប់បានធ្វើជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ACCSM លើកទី១៣ ជាលើកទី១។ នៅឆ្នាំ២០២៥ ពោលគឺក្នុងរយៈកាល ២០ឆ្នាំក្រោយមក ក្រសួងមុខងារសាធារណៈកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី២ រៀបចំកិច្ចប្រជុំ ACCSM លើកទី២៣ និងកិច្ចប្រជុំ ACCSM+3 លើកទី៨៕