ព័ត៌មានជាតិ

ឯកឧត្តម សុត រស្មី អញ្ជើញចុះពិនិត្យវាយតម្លៃលទ្ធផលការថែទាំជាប្រចាំឆ្នាំ២០២៥ (ដំណាក់កាលទី១) ជំពូក៦១ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រៃវែង

ខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រៃវែង៖ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម(គល) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង ដែលរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីជំនាញរបស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម បានចុះពិនិត្យវាយតម្លៃលទ្ធផលការថែទាំជាប្រចាំឆ្នាំ២០២៥ (ដំណាក់កាលទី១) ជំពូក៦១ នៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រៃវែង។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារអន្តរក្រសួង បានចុះពិនិត្យវាយតម្លៃការងារថែទាំចំនួនពីរទីតាំង រួមមាន៖

១. ប្រព័ន្ធធារាសាស្ត្រការពារទឹកជំនន់ និងស្រោចស្រពកំពង់ត្របែក ស្ថិតក្នុងឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ប្រព័ន្ធធារាសាស្ត្រនេះ ត្រូវបានស្តារឡើងវិញដោយក្រសួងធនធានទឹក និងឧតុនិយម នៅឆ្នាំ២០១០ និងត្រូវបានធ្វើការជួសជុល និងថែទាំជាប្រចាំ ចាប់តាំងពីឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ន។ ប្រព័ន្ធនេះទទួលរបបទឹកពីទន្លេមេគង្គ ដែលអាចមានលទ្ធភាពសម្រាប់ស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៩.០០០ហិកតា និងស្រូវប្រាំងចំនួន ៦.០០០ ហិកកតា ។

២.ប្រព័ន្ធធារាសាស្រ្តវ៉ៃគោ(ជំហាន១) លាតសន្ធឹងលើខេត្តចំនួន៣គឺ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង។ ប្រព័ន្ធធារាសាស្ត្រវ៉ៃគោ ត្រូវបានសាងសង់ពីឆ្នាំ២០១៣-២០១៦ ដោយក្រសួងធនធានទឹក និងឧតុនិយម ក្រោមឥណទានអនុគ្រោះពីប្រទេសចិន និងបានបញ្ចប់សុពលភាពនៅឆ្នាំ២០១៧ ហើយត្រូវបានធ្វើការជួសជុល និងថែទាំជាប្រចាំ ចាប់តាំងពីឆ្នាំ២០១៨ មកដល់បច្ចុប្បន្ន។ ប្រព័ន្ធនេះទទួលប្រភពទឹកពីទន្លេតូចដៃទន្លេមេគង្គ ស្ថិតក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលអាចផ្តល់នូវសក្តានុពលទឹកស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ៦០.០០០ហិកតា និងស្រូវប្រាំងចំនួន៦.០០០ហិកតា។

សូមបញ្ជាក់ជូនថា បន្ទាប់ពីមានការយកចិត្តទុកដាក់ថែទាំជាប្រចាំ បានធ្វើឱ្យប្រព័ន្ធទាំងពីរខាងលើនេះ កាន់តែមានភាពល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលនឹងជួយបង្កើនទិន្នផល ហើយខ្នងប្រឡាយបង្កលក្ខណ:ងាយស្រួលសម្រាប់បងប្អូនប្រជាកសិករក្នុងការធ្វើចរាចរណ៍ដឹកជញ្ជូនកសិផល ដែលជួយអភិវឌ្ឍដល់សេដ្ឋកិច្ច-សង្គមក្នុងមូលដ្ឋានកើនឡើងមួយកម្រិត ជាពិសេសធ្វើឱ្យអាយុកាលនៃសំណង់ការងារទឹកបានយូរអង្វែង កាត់បន្ថយការខូចខាតទ្រង់ទ្រាយធំ ដែលអាចចូលរួមចំណែកជួយសម្រួលដល់បន្ទុកចំណាយមួយផ្នែកធំរបស់រាជរដ្ឋាភិបាលលើការងារជួសជុលបន្ទាន់ និងស្តារឡើងវិញផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *