ខេត្តពរៃវែង: នៅថ្ងៃអាទិត្យ ១១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធបានអញ្ជើញចូលរួមកម្មវិធី “វេទិកាការងារ” របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលប្រព្រឹត្តទៅនៅ ស្រុកស្វាយអន្ទរ ស្រុកកំចាយមារ និងស្រុកពារាំង ខេត្តព្រៃវែង។
គូសបញ្ជាក់ផងដែរថា “វេទិកាការងារ” នេះ ធ្វើឡើងក្នុងគោលបំណង÷
-ចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រពលករដែលវិលត្រឡប់ពីប្រទេសថៃ ក្នុងការទទួលបានឱកាសការងារសំដៅបង្កើនអត្រាអ្នកមានការងារធ្វើនៅតាមមូលដ្ឋាន និងចូលរួមលើកស្ទួយជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។
-ផ្ដល់ឱកាសដល់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខេត្តព្រៃវែង របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្វើការផ្សព្វផ្សាយពីឱកាសអាហារូបករណ៍ វគ្គអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ព្រមទាំងធ្វើការចុះឈ្មោះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈផ្ទាល់ខ្លួន។
-ផ្សព្វផ្សាយព័ត៌មានឱកាសការងារ ចំនួន ២.៧៥៦កន្លែង និងសម្ភាសន៍ការងារនៅនឹងកន្លែងភ្លាមៗពីសំណាក់សហគ្រាស ក្រុមហ៊ុន គ្រឹះស្ថានដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងផ្ដល់ឱកាសដល់និយោជកដែលមានតម្រូវការកម្លាំងពលកម្ម។
ក្នុងកម្មវិធីនេះដែរក៏មានការអញ្ជើញចូលរួមពី÷ ប្រតិភូអមដំណើរ ឯកឧត្តមរដ្ឋមន្ត្រី តំណាងឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក លោកអភិបាល អភិបាលរងស្រុក ប្រធាន អនុប្រធាន និងមន្ត្រីនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត នាយកវិទ្យាស្ថានពហុបច្ចេកទេសវិជ្ជាជីវៈខេត្ត តំណាងបេឡាជាតិសន្តិសុខសង្គមសាខាខេត្ត តំណាងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត តំណាង រោងចក្រ សហគ្រាសក្រុមហ៊ុន មេឃុំ មេភូមិ សមាជិកភូមិ ពលករវិលត្រឡប់ពីប្រទេសថៃ និងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើសរុបទាំងបីស្រុក ក្នុងខេត្តព្រៃវែង ប្រមាណ ១.៥០០នាក់។