ព័ត៌មានជាតិ

អត្តសញ្ញាណប័ណ្ណជិត១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្មជាង២ម៉ឺនសេវាទៀត ត្រូវបានមន្ត្រីនគរបាលបន្តផ្តល់ជូនប្រជាពលរដ្ឋ

(ភ្នំពេញ) ៖ ឯកឧត្តមបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនាព្រឹកថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០២៤នេះថា ក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះ គិតចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីទទួលបន្ទុកការងារអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ បានបន្តផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សរុបចំនួន ៩.៩១៤សន្លឹក ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស។

 

ឯកឧត្តមបណ្ឌិត ទូច សុឃៈ បានបន្តទៀតថាក្នុងរយៈពេលដូចគ្នានេះ មន្រ្តីនគរបាលក៏បានបន្តផ្តល់សេវាអត្តសញ្ញាណកម្មផ្សេងទៀត សរុបជាង២ម៉ឺនសេវា ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ ក្នុងនោះរួមមាន ៖ សេវាលិខិតឆ្លងដែនមានចំនួន ១១ ៧១៨ក្បាល លិខិតធ្វើដំណើរមានចំនួន ២ ៨២៧ក្បាល សៀវភៅស្នាក់នៅមានចំនួន ៤ ២១៣ក្បាល និងសៀវភៅគ្រួសារមានចំនួន ៣ ៦៧៣ក្បាល។

 

ឯកឧត្តមបណ្ឌិតបានបន្ថែមថា ជាក់ស្ដែងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដាក់ចេញនូវសេវាជាច្រើនតាមប្រព័ន្ធអនឡាញ (online) ជូនប្រជាពលរដ្ឋ ព្រមទាំងបន្តផ្ដល់សេវាទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនៅតាមមូលដ្ឋាន និងនៅតាមផ្សារទំនើប ខណៈឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់គោលការណ៍ឱ្យបន្តសិក្សាតាមបណ្តាច្រកចេញចូលតែមួយ ដើម្បីជំរុញការផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយគុណភាព និងប្រសិទ្ធភាព ស្របតាមទស្សនៈ អ្វីៗធ្វើដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។

 

បើតាមប្រសាសន៍ឯកឧត្តមបណ្ឌិត ទូច សុឃៈ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានរិះរកគ្រប់មធ្យោបាយដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាឱ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាក្រកម្ពុជា ដែលជំរុញឱ្យក្រសួងមហាផ្ទៃ យកចិត្តទុកដាក់ខ្ពស់ ធ្វើយ៉ាងណាឱ្យសេវាសាធារណៈមានភាពងាយស្រួលជូនពលរដ្ឋ។

 

សូមបញ្ជាក់ថា ដើម្បីជំរុញការងារផ្ដល់សេវាអត្តសញ្ញាណប័ណ្ណ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានសន្លឹកអត្តសញ្ញាណប័ណ្ណគំរូថ្មី របក ខូច សូមមេត្តាយកមកប្តូរនៅតាម ប៉ុស្តិ៍នគរបាលរដ្ឋបាល ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានីខេត្តនៃទីកន្លែងដែលបងប្អូនរស់នៅ ឬនៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ដោយឡែកអ្នកមានអត្តសញ្ញាណប័ណ្ណជិតផុតសុពលភាពក៏អាចស្នើសុំធ្វើឡើងវិញ ដោយឥតគិតថ្លៃនៅទីតាំងទាំងនោះបានដែរ៕

 

ប្រភព៖ សេង បូលីន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *