ព័ត៌មានជាតិ

ព្រះមហាក្សត្រខ្មែរ យាងពន្លត់ទានជ័យ នៅវិមានឯករាជ្យ

(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានសព្វព្រះរាជហឫទ័យស្តេចយាងពន្លត់ទានជ័យនៅវិមានឯករាជ្យ ដែលបានអុជកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ជាថ្ងៃខួប៦៩ឆ្នាំ នៃការទទួលបានឯករាជ្យពីប្រទេសបារាំង (០៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២២)។

ព្រះរាជដំណើរយាងពន្លត់ទានជ័យនៅវិមានឯករាជ្យរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក៏មានការអញ្ជើញដង្ហែព្រះរាជដំណើរ ពីសំណាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ រួមមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ ក៏មានការអញ្ជើញចូលរួមផងដែរ ពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាងអង្គទូតនានា ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សានុសិស្ស និងកម្លាំងយុវជននានា។

សូមជម្រាបថា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺជាខួប៦៩ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ បន្ទាប់ពីបារាំងដាក់អាណានិគមអស់រយៈពេលប្រមាណ ៩០ឆ្នាំ៕(FN)

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។