ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ប្រារព្ធនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង

(បាត់ដំបង) ៖ នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង និងលោកជំទាវ បានអញ្ជើញជាអធិបតីដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ប្រារព្ធនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នាឱកាសនោះ សម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំងអង្គពិធីបានទស្សនាពិធីបើកយុទ្ធនាការឃោសនា ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាបេក្ខជននាយករដ្ឋមន្ត្រី និងស្ដាប់ការធ្វើសេចក្ដីថ្លែងការណ៍របស់សម្ដេចតេជោ ហ៊ុន សែន ពីទីប្រារព្ធពិធីនៅរាជធានីភ្នំពេញ ផ្សាយផ្ទាល់តាមកញ្ចក់LED។

ក្រោយបញ្ចប់សេចក្ដីថ្លែងការណ៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្ដេចក្រឡាហោម ស ខេង បានបន្តអញ្ជើញថ្លែងសុន្ទរថា និងមានប្រសាសន៍សំណះសំណាលទៅកាន់អង្គពិធី ព្រមទាំងប្រកាសបើក និងបន្តអញ្ជើញដឹកនាំយុទ្ធនាការឃោសនាចេញពីក្រុងបាត់ដំបង ឆ្ពោះទៅកាន់មូលដ្ឋានឃុំ សង្កាត់នានាក្នុងក្រុង និងស្រុកនៃខេត្តបាត់ដំបង។

សូមបញ្ជាក់ថាយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ សម្ដេចក្រឡាហោម និងលោកជំទាវនឹងបន្តយុទ្ធនាការឃោសនាបោះឆ្នោតទាំងមណ្ឌលបាត់ដំនង និងព្រៃវែង៕ដោយ ព្រំ ហន

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។