(ភ្នំពេញ) ៖ នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម នារសៀលថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានក្រោមឱវាទអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល ដោយមានការចូលរួមពីលោកអគ្គនាយករង លោកប្រធាន អនុប្រធាននាយកដ្ឋាន និង ប្រធានការិយាល័យសរុបចំនួន ៣០រូប។
ឯកឧត្ដមអគ្គនាយកបានបញ្ជាក់ឱ្យដឹងថា លទ្ធផលនៃកិច្ចប្រជុំសម្រេចបានរួមមាន៖ ទី១)ការបូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៤ បញ្ហាប្រឈម និងការរៀបចំផែនការសកម្មភាពលើកទិសដៅប្រចាំឆ្នាំ២០២៥ ទី២)វឌ្ឍនភាពការងារកំណែទម្រង់រដ្ឋបាលសាធារណៈ និងការងារកំណែទម្រង់ហិរញ្ញវត្ថុសារធារណៈ និងទី៣)ការងារបណ្តុះបណ្តាលមន្ត្រីរាជការ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយកបានវាយតម្លៃខ្ពស់ពីកិច្ចខិតខំប្រឹងប្រែងលះបង់ទាំងកម្លាំងកាយចិត្ត និងជ្រោមជ្រែងពីគ្រប់នាយកដ្ឋានទាំងអស់រហូតសម្រេចបាននូវសមិទ្ធផលដ៏ល្អទាំងនេះ៕