ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម​ ណែនាំ​ដល់​មន្ត្រីនៃសេវាទាំងបី ត្រូវបម្រើសេវាប្រកបដោយវិជ្ជាជីវៈខ្ពស់ យកចិត្តទុកដាក់ រួសរាយរាក់ទាក់

(កំពង់ចាម​) ៖​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានណែនាំ​ដល់​មន្ត្រីនៃសេវាទាំងបី (រដ្ឋបាលឃុំ​ សង្កាត់​ មណ្ឌលសុខភាព និងសាលាបឋមសិក្សា)​ ត្រូវបម្រើសេវាប្រកបដោយវិជ្ជាជីវៈខ្ពស់ យកចិត្តទុកដាក់ រួសរាយរាក់ទាក់ ពេលពលរដ្ឋទៅប្រើប្រាស់សេវា ឬទទួលសេវា ជាពិសេសប្រជាពលរដ្ឋ ក្រីក្រ និងជនងាយរងគ្រោះ និងទាញយកប្រជាប្រិយភាព ពីប្រជាពលរដ្ឋឱ្យបាន តាមរយៈការផ្តល់សេវាល្អ​ ការថ្លែងបែបនេះក្នុងពិធីបិទវេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍​ នាព្រឹកថ្ងៃទី​២៧​ ខែធ្នូ​ ឆ្នាំ​២០២៤​ នៅសាលាខេត្តកំពង់ចាម​ ។

ក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានណែនាំដល់ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ក្រុង ស្រុក ត្រូវបន្តពង្រឹងកិច្ចសហការ គាំទ្រ បណ្តាញ អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក និងថ្នាក់ឃុំ សង្កាត់ ដើម្បីចុះត្រួតពិនិត្យ គាំទ្រការអនុវត្តការងារនៅមូលដ្ឋានរបស់ខ្លួន​ ទៅតាមវដ្តនៃការអនុវត្តសកម្មភាពការងារ និងជំរុញការអនុវត្តផែនការសកម្មភាព រួមស្តីពីការងារគណនេយ្យភាពសង្គម (ផ.ស.រ.គ) របស់អង្គភាពផ្តល់សេវាទាំង បី (រដ្ឋបាលឃុំ, មណ្ឌលសុខភាព និងសាលាបឋមសិក្សា)។

បន្ថែមពីនោះ​ឯកឧត្ដមអភិបាលខេត្ត​ ក៏បានណែនាំដល់ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ក្រុង ស្រុក​ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន តាមរយៈការសិក្សា អំពីដំណើរការវដ្តនៃការអនុវត្តការងារគណនេយ្យភាពសង្គមឱ្យ បានច្បាស់លាស់ ព្រោះទៅអនាគត នឹងពង្រីកវិសាលភាពការអនុវត្តគណនេយ្យ ភាពសង្គម លើការផ្តល់សេវានៅថ្នាក់រដ្ឋបាលក្រុង ស្រុក។

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានបញ្ជាក់ថា​ ផែនការអនុវត្តគណនេយ្យភាពសង្គម សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ ក្រោមជាតិ គឺជាផ្នែកមួយនៅក្នុងកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាផ្នែកមួយយ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាល ទី៧ នៃរដ្ឋសភាផងដែរ​ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *